ប្រជុំជន Pompeii ស្ថិតនៅជិតតំបន់ Naples របស់អ៊ីតាលី ត្រូវបានបង្កើតនាសតវត្សរ៍ទី 6-7 មុនគ្រិស្គសករាជ ដោយជន Osci ឬ Oscan អម្បូរជាតិសាសន៍មួយ មានប្រពៃណីតំបន់កណ្តាលអ៊ីតាលី ។ រហូតទល់សតវត្សរ៍ទី១ មុនគ្រិស្គសករាជ ប្រជុំជននេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនជាតិរ៉ូម៉ាំង ។ ថ្ងៃទី ២៤/៨/៧៩ មុនគ្រិស្គសករាជ ជោគវាសនាដ៏ឃោរឃៅមួយបានគ្របមកលើ Pompeii គឺភ្នំភ្លើង Vesuvies ចម្ងាយប្រមាណ៥km ពីទីនោះ បានផ្ទុះហើយពន្លិចប្រជុំជននេះ ក្នុងដី ថ្ម កំអែរភ្នំភ្លើង និងធូលី ។
តាំងពីពេលនោះមក Pompeii បានកប់ជ្រៅក្នុងស្រទាប់ដី ហើយបន្តិចម្តងៗវាបានត្រូវគេបំភ្លេចចោល ។ រហូតដល់ឆ្នាំ ១៧៤៨ ប្រជុំជននេះត្រូវបានគេរកឃើញឡើងវិញ ។ ច្រើនទសវត្សរ៍ក្រោយមកកិច្ចប្រឹងប្រែងកំណាយ Pompeii ត្រូវបានអនុវត្តបំណងទម្លាយចេញអាថ៌កំបាំងពីប្រជុំជនមួយចំណុះចក្រភព រ៉ូម៉ាំងខណៈវារុងរឿងបំផុតនោះ ។
ចំពោះពលរដ្ឋ Pompeii នាជំនាន់នោះ ការផ្ទុះភ្នំភ្លើង Vesuvius គឺជាមហាសោកនាដកម្មមួយ ។ ប៉ុន្តែចំពោះអ្នកបុរាណវិទូវិញគឺជាកាដូ ដែលទេវតាទុកឲ្យ ព្រោះថា កំអែរភ្នំភ្លើងបាន "បង្កក" ប្រជុំជនទាំងមូលជាមួយតម្លៃប្រវត្តិសាស្ត្ររបស់វា ។
កំណប់របស់ Pompeii ជាអាទិ៍ ផ្ទះសម្បែង ផ្សារ មហោស្រព បន្ទប់សាធារណៈ និងវត្ថុតាំងរាប់ពាន់ផ្សេងៗទៀត ត្រូវបានរក្សាទុក "ស្ថានភាពដើម" ក្រោមស្រទាប់ធូលីផេះផង់ នឹងផ្តល់ឲ្យគេដឹងពីជីវភាពសម្បូរបែបរបស់ពលរដ្ឋរ៉ូម៉ាំង នាជំនាន់នោះ ។
ក្នុងពេលកំណាយគេបានឃើញសំណុំឆ្អឹង បន្សល់ទុក ក្នុងស្រទាប់ធូលី ។ បុរាណវិទូ សញ្ជាតិអ៊ីតាលី Guseppe Florelli (១៨២៣-១៨៤៦) បានដឹងថា នៅចន្លោះ "ប្រហោងឆ្អឹង" ទាំងនោះជារាងកាយត្រូវរលេះរលួយក៏ប្រើឯកទេសបាញ់បញ្ចូលម្នាងសិលា បំណងបង្កើតស្ថានភាពរបស់រងគ្រោះគ្រាជួបអាសន្នដល់ជីវិតនោះ ។
លទ្ធផលទទួលបានលើសពីការស្មាន ។ វាបានបង្ហាញពីទិដ្ឋភាពគួរឲ្យអាណោចអាធ័មរបស់ពលរដ្ឋ Pompeii ដែលគេពុំមានវាសនារត់គេចខ្លួនរួច ។មានកាយវិការប្លែកៗគ្នារបស់ជនរងគ្រោះ ។ ប៉ុន្តែចំណុចជារួមនោះគឺបង្ហាញឲ្យឃើញនូវការឈឺចាប់ រកទីបំផុតគ្មានមុនពេលលាចាកលោក ។
ថ្វីបើមុខមាត់ពុំច្បាស់ តែវាបង្ហាញឲ្យឃើញនូវសភាពតក់ស្លុតបំផុតពពួកសត្វក៏រួមវាសនានឹងមនុស្សដែរ ។ តាមអ្នកបុរាណវិទូនោះ សុនកនេះ ត្រូវជាប់ច្រវ៉ាក់ខាងក្រៅផ្ទះរបស់ Vesomies Primus ដែលជាជាងត្បាញក្រណាត់នៅ Pompeii កាន់តែរន្ធត់ទៀត គ្រាសំឡឹងឃើញរណ្តៅសាកសពរួម ហើយគេពុំអាចបាញ់បញ្ចូលម្នាងសិលាបានដើម្បីស្តារយកទិដ្ឋភាពដើមវិញ ។
តាមការប៉ាន់ស្មាននោះ នៅខណៈពេលដែលហេតុការណ៍កើតឡើង Pompeii មានមនុស្សប្រមាណ២០.០០០នាក់រស់នៅ ។ មនុស្សខ្លះបានគេចផុតពីចង្កូមមច្ចុរាជដោយហេតុផលផ្សេងៗ ប៉ុន្តែមនុស្សដ៏ច្រើនពុំមានសំណាងឡើយ ។
ទន្ទឹមនឹងសាកសពបង្កប់នូវភាពឈឺចាប់គួរ ឲ្យខ្លោចផ្សារនោះ ស្នាដៃសិល្បៈជាច្រើនត្រូវបានផេះ ធូលី របស់ភ្នំភ្លើងជួយរក្សាទុកបានល្អ ។ វាបានផ្តល់ឲ្យនូវព័ត៌មានលំអិតពីជីវភាពប្រចាំថ្ងៃរបស់ជនអភ័ព្វ ទាំងនោះ ។
រូបសិល្បៈបែបនេះបង្ហាញថា ទស្សនៈអំពីផ្លូវភេទរបស់ខឿនវប្បធម៌រ៉ូម៉ាំងជំនាន់នោះ "សេរី" ជាងបច្ចុប្បន្នទៅទៀត ។
នៅផ្ទះជាច្រើនវត្ថុបន្សល់ទុកបានចង្អុលប្រាប់ពីរបររបស់ម្ចាស់វាកាលនោះ ។ កេរ្តិ៍ដំណែលបន្សល់ទុករបស់ Pompeii នៅឆ្ងាយពីកំពូលភ្នំ Vesuvius ។
បច្ចុប្បន្ន ២/៣នៃផ្ទៃដី Pompeii ត្រូវបានធ្វើកំណាយរួច ដោយ UNESCO បានទទួលស្គាល់ជាសម្បត្តិពិភពលោក ។ វាជាកន្លែងស្រូបទាញអ្នកទេសចរណ៍ខ្លាំងបំផុតនៅអ៊ីតាលី ។ មានភ្ញៀវទេសចរណ៍៣លាននាក់បានមកកាន់ទីនេះ ក្នុង១ឆ្នាំៗ ។ គេត្រូវចំណាយពេលរាប់ថ្ងៃដើម្បីមើលអស់ទីនេះ ៕