រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ បាក់ជើងម្ខាង និងបែកមុខបែកមាត់ ខណៈដែលចេញពីផឹកស៊ី ដោយក្នុងស្ថានភាពស្រវឹង រួចក៏ជ្រុលទៅបុកគូថរថយន្តគេពីក្រោយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ១០ នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅខាងមុខព្រលានយន្តហោះអន្តរជាតិ ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ លឹម តិចគា អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកលុច្សស៊ីស RX-300ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2L-7018 បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ រថយន្តឈប់ស្តុប ស្រាប់តែជនរងគ្រោះបើកម៉ូតូមួយគ្រឿង ម៉ាកសេ ១២៥សេរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BM-0862មានឌុបគ្នាបីនាក់ជិះ ក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់សន្លប់ នឹងកន្លែងកើតហេតុ រីឯអ្នករួមដំណើរពីនាក់ទៀតនោះបានគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វើកំណត់ហេតុ និងបានហៅរថយន្តសង្គ្រោះរបស់ អង្គភាព៧១១ កងពលតូចលេខ៧០ដឹក ជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យព្រះកុសមៈហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះ ចំណែករថយន្ត និងម៉ូតូត្រូវយកទៅរក្សាទុកនៅអធិការដ្ឋានពោធិ៍ជ័យ ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ៕