រាជធានីភ្នំពេញ ៖ មេខ្យល់ ៣ នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណៈដែលជនទាំងនេះ បានធ្វើសកម្មភាពនាំនារីរងគ្រោះទៅប្រទេសចិនក្នុងរូបភាពរៀបការជាជនបរទេស ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ១-ឈ្មោះ ម៉ក់ ហ៊ាងរិទ្ធី ហៅឡូវ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ខេត្តព្រៃវែង, ២-ឈ្មោះ តាំង សារឿន ហៅធី ភេទស្រី អាយុ៤៦ឆ្នាំ មានទីលំនៅភូមិ-ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម និង៣-ឈ្មោះ អ៊ី ឡៅ ហៅឡោ ភេទស្រី អាយុ៦៥ឆ្នាំ ជាកសិករ មានទីលំនៅ ភូមិថ្នល់បំបែក ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចំណែកនារីរងគ្រោះដែលមេខ្យល់ខាងលើបម្រុងនាំយកទៅលក់ឱ្យបុរសនៅប្រទេសចិននោះ១- ឈ្មោះ ស្រ៊ាន ណាវី អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះជួលតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ២-ឈ្មោះ សុខ ស្រីតុញ អាយុ ២៥ឆ្នាំ ៣-ឈ្មោះ សុខ ស្រីមុំ អាយុ ២៦ឆ្នាំ ទាំង២ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ អ្នកទាំងបីជាកម្មការិនីកាត់ដេរ និង៤-ឈ្មោះ ឆាត ថាត អាយុ ១៨ឆ្នាំ រស់នៅភូមិ-ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម, ។
បច្ចុប្បន្នជនសង្ស័យទាំង ៣ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕