ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ពីខេត្តសៀមរាបបានឲ្យដឹងថា សព្វថ្ងៃនេះជំនួញឈើខុសច្បាប់កំពុងតែកើតមានឡើងវិញយ៉ាងអានាធិបតេយ្យនៅក្នុងទឹកដីខេត្តសៀមរាបក្រុមឈ្មួញបានប្រើប្រាស់ រថយន្តទាំងតូចទាំងធំ ដឹកជញ្ជូនឈើគ្រញូង ចេញពីខេត្តឧត្តរមានជ័យ ឡើងមកខេត្តសៀមរាប តាមផ្លូវជាតិលេខ៦៧ គឺមិន លោះថ្ងៃណាឡើយទាំងពេលភ្លៀងខ្លាំង មានរន្ទះបាញ់ ឬខ្យល់ព្យុះយ៉ាងគគ្រឹកគគ្រេង គេសង្កេតឃើញមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធឈរជើងតាមដងផ្លូវកំពុងសុខស្រួលក្នុងការ រាប់ក្បាលឡានយកលុយ ជាពិសេសលោកស័ក្តិ៤ ណុប សារ៉ាក់ ជាអធិការនគរបាលស្រុកវ៉ារិន ដែលមានរហស្សនាម៦០០ បានរងនូវការចោទប្រកាន់ថា កំពុងប្រើប្រាស់អំណាចរបស់ខ្លួន ប្រមូលផលប្រយោជន៍ ពីជំនួញឈើខុសច្បាប់ យ៉ាងស្ងាត់ស្ងៀមបំផុត។
ក្រុមមន្ត្រីបានលួចបង្ហើបឲ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះ លោក ណុប សារ៉ាក់ ហៅបង៦០០ ជាអធិការនគរបាលស្រុកវ៉ារិន បានដឹកនាំកម្លាំងដេញបង្ក្រាប រថយន្តបាឡែនមួយគ្រឿង ពណ៌ស្ករ ដឹកឈើគ្រញូង នៅចំណុចមុខប៉ុស្តិ៍ស្រែណូយ ហើយករណីមួយនេះ
ដោយ មានគេដឹងឮច្រើនពេក លោក ណុប សារ៉ាក់ ក៏បានបញ្ជូនទៅឲ្យជំនាញ រដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ អាចចាត់ទុកថាករណីនេះ លោក ណុប សារ៉ាក់ បានកសាងស្នាដៃ បង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ ដែលម្ចាស់រថយន្តដឹកឈើមានឈ្មោះ អៀ.ឆៃយិន ជាឈ្មួញរកស៊ីដឹកជញ្ជូន ឈើគ្រញូងដុះស្លែដ៍ធំម្នាក់ ប្រចាំខេត្តសៀមរាប តាមរបៀបដែលគេហៅថា ដៃម្ខាងចាប់ ដៃម្ខាងប្រមូលលុយ កុំឲ្យគេថា មិនដែលបង្ក្រាបអ្វីសោះ។
រយៈពេលពីរម៉ោងក្រោយមក ក៏មានរថយន្តបាឡែនពណ៌ទឹកប្រាក់ ដឹកឈើគ្រញូងតាមរបៀប លោតឆត្រមួយគ្រឿងទៀត មកដល់ស្រុកវ៉ារិន ត្រូវបានលោក ណុប សារ៉ាក់ ចេញបញ្ជាឲ្យកូនចៅក្រោមបង្គាប់ប្រដេញបង្ក្រាប ហើយភ្លាមៗនោះ មេឈ្មួញជាម្ចាស់រកស៊ីឈើគ្រញូង ដ៏ធំនោះបានទំនាក់ទំនងសុំសម្របសម្រួល។ រថយន្តបាឡែន ដែលបង្ក្រាបបានលើកទីពីរនេះ ត្រូវគេដឹងថា ផ្ទុកឈើគ្រញូងប្រមាណមួយតោន ដោយមិនបានបញ្ជូនឲ្យទៅ ជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្តដូចករណីមុននោះទេ ហើយបើតាមប្រភពខ្សឹបខ្សៀវ បានឲ្យដឹងថា លោក ណុប សារ៉ាក់ បានដោះលែងឡានដឹកឈើគ្រញូងនោះ ជាថ្នូរនឹងការបង់លុយចំនួន ២៥០០ ដុល្លារអាមេរិក។
សូមបញ្ជាក់ថា នៅតាមផ្លូវជាតិលេខ៦៧ ពីព្រំប្រទល់ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ឆ្ពោះមកឃុំស្រែណូយ ស្រុកវ៉ារិន មានគោយន្ដកន្ដ្រៃ និងឡានតូចធំជាច្រើនគ្រឿង កំពុងដឹកឈើល្មើសច្បាប់យ៉ាង ប្រសេចប្រសាច គេសង្កេតឃើញលោក ណុប សារ៉ាក់ កំពុងសប្បាយកើបលុយ ច្រកហោប៉ៅផ្ទាល់ខ្លួន យ៉ាងរំភើយ ។ កន្លងមកលោក ណុប សារ៉ាក់ បានឱ្យកូនចៅជួយរត់ផ្លូវ ឱ្យថៅកែរកស៊ីឈើដ៏ធំម្នាក់ និងពង្រាយកូនចៅឲ្យទៅ ជួយមើលការដឹកជញ្ជូនឈើ តាមគោយន្ដកន្ដ្រៃ ដែលមានចំណាររបស់លោកអភិបាលស្រុកវ៉ារិនថែមទៀតផង ។
ប្រជាពលរដ្ឋបានទទូចសូមឲ្យលោក ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប និងលោក សត ណាឌី ស្នងការនគរបាលខេត្ដ គួរតែពិនិត្យមើលឡើងវិញ ពីការដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងអនាធិបតេយ្យនៅស្រុកវ៉ារិនផង ។ ជាពិសេសករណីដែលលោក ណុប សារ៉ាក់ ប្រើអំណាចរបស់ខ្លួន ទៅប្រមូលលុយពីការដឹកជញ្ជូនឈើខុសច្បាប់ ឬការឃុបឃិតដោះលែង ឡានដឹកឈើស្ងាត់ៗ ជារឿងខុសឆ្គងខ្លាំងបំផុត ដូចជាករណីដែលកើតឡើង កាលពីយប់ថ្ងៃទី៣០ ខែតុលា មានការដោះលែងឡានបាឡែន ដឹកឈើគ្រញូងប្រមាណមួយតោន បន្ទាប់ពីលោក ណុប សារ៉ាក់ ទទួលបានលុយ ២៥០០ ដុល្លារអាមេរិក៕