ល្ពៅជាបន្លែដែលគេនិយមបរិភោគជាទូទៅហើយមានដាំស្ទើរពាសពេញពិភពលោក ។ ផ្លែល្ពៅមាន ២ ប្រភេទគឺល្ពៅ សាច់ស្អិត និងល្ពៅសាច់ផុស ។ ផ្លែល្ពៅសាច់ស្អិតត្រូវបានគេនិយមបរិភោគច្រើនបំផុត ព្រោះទោះយកទៅធ្វើជាបង្អែម ឬសម្លគឺសុទ្ធតែឆ្ងាញ់ទាំងអស់ ។ ទោះបីយ៉ាងណាមិនថា ល្ពៅសាច់ស្វិត ឬសាច់ផុសទេ សុទ្ធតែផ្តល់ផលប្រយោជន៍ដល់អ្នកបរិភោគដូចគ្នា ។
ចំណែកឯគ្រាប់ល្ពៅវិញមានសារជាតិម្យ៉ាងឈ្មោះ បេតាឃែរ៉ូទីន ដែលមានប្រសិទ្ធភាពអាចសម្លាប់ព្រូនប្រភេទខ្លះបានហើយវាមានជាតិវីតាមីន C ខ្ពស់ ។ ក្រៅពីនេះក៏នៅមានបេតាឃែរ៉ូទីនដែលជាសារជាតិ ដើមរបស់វីតាមីន A ផងដែរ ។
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ពីការរកឃើញរបស់ខ្លួនថា ក្នុងសាច់ល្ពៅមានវីតាមីន A ខ្ពស់ណាស់ មានហ្វូសហ្វ័រ, កាល់ស្យូម, វីតាមីន C ម្សៅសារជាតិពណ៌លឿង និងប្រូតេអ៊ីន ។ ចំណែកក្នុងស្លឹកខ្ចីរបស់ល្ពៅមានវីតាមីន A ខ្ពស់ស្មើគ្នាជាមួយសាច់ មានសារធាតុកាល់ស្យូម និងហ្វូសហ្វ័រខ្ពស់ជាងក្នុងសាច់ ។ ឯក្នុងផ្កាល្ពៅមានវីតាមីន A សារ ធាតុកាល់ស្យូម, ហ្វូសហ្វ័រ, វីតាមីន C បន្តិចបន្តួច និងក្នុងគ្រាប់នៅមានប្រេងម្សៅ ហ្វូសហ្វ័រ ប្រូតេអ៊ីនទៀតផង ។
អត្ថប្រយោជន៍
គ្រាប់របស់ផ្លែល្ពៅបញ្ចុះព្រូនប្រភេទខ្លះ បញ្ចុះទឹកនោម និង ជំនួយរាងកាយ ។ សម្រាប់ឫសគឺអាចជួយ ជំនួយដល់ រាងកាយ បំបាត់រោកក្អក បន្សាបសារជាតិពុលអាភៀន ។ ប្រេងដែលបានពីគ្រាប់ល្ពៅគឺជំនួយដល់ប្រព័ន្ធប្រសាទ ។ រីឯសន្ទះកណ្តាលផ្លែរបស់ល្ពៅអាចយកមក បំពោកដើម្បីបំបាត់ជាំ និង បំបាត់អាការរលាកក្លាយជាដើម ៕