រាជធានីភ្នំពេញ ៖ ការសម្របសម្រលឃុំក្រៅឃុំ ជាផ្នែកមួយដែលមតិសាធារណជនកំពុងផ្តោតសំខាន់ ជាក់ស្តែងករណីសំណុំរឿងចេញសែកគ្មានប្រាក់ និងករណីមួយទៀតដែលមានចំណាប់អារម្មណ៍បំផុតនោះ យោធាសក្តិ ៤ បាញ់បោះសេរី ។
គួរម្លឹកថា កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីបង្គាប់ដីកាឱ្យចាប់ខ្លួនលេខ៥៤២គព្រ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៣ ដោយលោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានដោះលែងឱ្យ មានសេរីភាពវិញបន្ទាប់ពីជនជាប់ចោទតម្កល់ប្រាក់ ៥ ម៉ឺនដុល្លារនិងប្លង់ដីមួយកន្លែង ។
ចំពោះករណីមួយទៀត ជាការដោះលែងជនបាញ់បោះសេរីឈ្មោះ ប៊ុន ច័ន្ទពិសិដ្ឋ បម្រើការងារនៅបញ្ជាការដ្ឋាន អង្គរក្សហើយក៏ត្រូវជាកូនប្រុសរបស់លោក ប៊ុន ច័ន្ទ ជាសមាជិកក្រុមប្រឹក្សាខណ្ឌពោសែនជ័យ នោះគឺជាប្រធានបទឧទាហរណ៏ជាក់ស្តែងក្នុងវេទិកាសាធារណៈដែលប្រជាពលរដ្ឋនៅខណ្ឌដង្កោគ្រោងនឹងលើកឡើងសួរនាំដល់ស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាអធិការខណ្ឌផងដែរនាពេលខាងមុខ។
មន្ត្រីសាលាខណ្ឌដង្កោម្នាក់សូមមិនបញ្ចេញឈ្មោះក៏បានប្រតិកម្មភ្លាមៗ នៅពេលដែលរូបលោកបានមើលទូរទស្សន៍ថា ករណីដោះលែងបែបរហ័សបំផុតនេះគឺបានឆ្លុះឲ្យឃើញពីសង្គមអយុតិ្តធម៌បាត់ទៅហើយ ត្រង់ថាខ្លួនអាងស័កិ្តយសធំ អាងមានលុយ អាងខ្នង អាងអំណាច គឺជាចំណុចអវិជ្ជមានសម្រាប់ភូមិ-សង្កាត់មានសុវត្ថិភាពដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ លោកបានបន្តថា យើងបានឃើញរួចហើយនូវផលប៉ះពាល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានសង្គមស៊ីវិលនានាដែលគេបានអានបានមើលប្រព័ន្ធផ្សព្វផ្សាយបន្ទាប់មកការរិះគន់ និងមតិវាយប្រហារទៅលើរាជរដ្ឋាភិបាលអាណតិ្តថ្មីយើងត្រូវតែកើតមានឡើង ហើយការអនុវត្តច្បាប់ក្នុងសង្គមយើងមិនត្រូវអនុវត្តតែលើជនស្លូតត្រង់ជនក្រីក្រតែប៉ុណ្ណោះគឺយើង ត្រូវតែអនុវត្តឲ្យស្មើគ្នា ហើយការដោះលែងជនបាញ់បោះសេរីនេះសូមកុំនិយាយថា យកគាត់ទៅបន្ទាយបញ្ជាការដ្ឋានអង្គរក្សដើម្បីធ្វើទោសទាន់នូវកំហុសរបស់គាត់នៅកន្លែងនោះគ្មានប្រជាពលរដ្ឋណាជឿនោះឡើយ។
ដោយឡែកសមត្ថកិច្ចនគរបាលខណ្ឌដង្កោម្នាក់នៅផ្នែកអន្តរាគមន៍នោះក៏បានប្រាប់ឲ្យដឹងដែរថា មន្ត្រីតូចតាចដូចគាត់បានត្រឹមតែមេប្រើឲ្យដេញចាប់តែប៉ុណ្ណោះនៅពេលដេញតាមគឺថាយើងបានប្រឈមមុខគ្រោះថ្នាក់ខ្លាំងណាស់ ចុះហេតុអ្វីបានជាថ្នាក់លើដោះលែងជនខិលខូចងាយម្ល៉េះ។ នេះជាសតិអារម្មណ៍របស់មន្ត្រីក្រោមឱវាទដែលមិនចង់បំពេញការងារទៀត។ លោកចូលបម្រើការងារជាមន្ត្រីនគរបាលយុត្តិធម៌គឺក្នុងគោលបំណងបំរើរាស្ត្របំរើប្រទេសជាតិបំបាត់ជនបាតសង្គមចូលរួមបំរើសង្គមស្អាតស្អំមួយ និងយុតិ្តធម៌ជូនប្រជាពលរដ្ឋយើង។ ពាក់ព័ន្ធនិងករណីដោះលែងជនបាញ់បោះសេរីនេះ អធិការនគរបាលខណ្ឌដង្កោលោក យឹម សារ៉ាន់ បានប្រាប់ឲ្យដឹងដែរថា លោកពុំហ៊ានឆ្លើយនឹងសំណួរនេះទេ សុំសួរទៅស្នងការព្រោះថាអ្វីៗលោកបានឆ្លងយោបល់លោកស្នងការអស់ហើយ សម្រាប់លោកត្រឹមអធិការខណ្ឌមិនហ៊ានទេ។
ចំពោះកាសែតក្នុងស្រុកជាច្រើនបានផ្សាយថា បុរសក្លាហានរបស់យើងត្រូវ បានសមត្ថកិច្ចដោះលែងទៅហើយដោយមានអន្ដរាគមន៍“ពីថ្នាក់លើ” ។ តើនរណា ទៅ“ថ្នាក់លើ?” ។ សេចក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋខ្លាចក្រែងបុរសដ៏ក្លាហាន របស់យើងថ្ងៃក្រោយគាត់ចេញមកប្រើប្រាស់អាវុធបណ្ដាលឱ្យរងរបួស ដល់ពល រដ្ឋស្លូតត្រង់ដែលធ្វើដំណើរតាមផ្លូវ ។ ប្រសិនជាហេតុការណ៍ជាយថាហេតុណា មួយកើតឡើងបង្កឡើងដោយបុរសខាងលើជាថ្មីម្ដងទៀតប៉ះចំ“ថ្នាក់លើ ”ឬក៏សាច់ ញាតិបុរសនេះវាមិនជាបញ្ហាទេ ។
អន្ដរាគមន៍របស់ “ថ្នាក់លើ”ទំនងជាផ្នែកមួយឋិតនៅក្នុង“កំណែទម្រង់ស៊ីជម្រៅ”យ៉ាងណានោះហើយ បានជាកម្លាំងនគរបាលសុខចិត្ដដោះលែងបុរសដ៏ក្លាហាននៃយើង ។ ប៉ុន្ដែបើតាម មិត្ដភក្ដិខ្ញុំបាទយល់ថា បើគង់តែលែងដដែលកុំឱ្យនគរបាលខ្មាស់គេតាមចាប់គាត់នោះយកមកធ្វើអ្វី? រឿងនេះខ្ញុំមិនដឹងដែរទាល់តែ“ថ្នាក់លើ” ៕