រាជធានីភ្នំពេញ ៖ ពាក្យចាស់លោកពោលថា “កុំយកសាច់ទៅផ្ញើនឹងខ្លា កុំយកឆ្មាដាក់ក្បែរត្រីអាំង” នេះជារឿងរ៉ាវមួយដែលកើតចំពោះស្ត្រីម្នាក់ដែលត្រូវប្តីទុកឲ្យនៅក្នុងផ្ទះជាមួយនឹងបុរសល្មោភកាម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី០១ វិច្អិកា ២០១៣ នៅផ្ទះជួលមួយកន្លែង ក្បែរផ្សារធំទួលសង្កែ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
ជនវង្វេងកាមខាងលើត្រូវគេស្គាល់ឈ្មោះត្រេង ត្រឹង អាយុ ២៩ ឆ្នាំ ជាមេការសំណង់មួយកន្លែង ចំណែកស្ត្រីរងគ្រោះ អាយុ២៩ឆ្នាំ មានប្តីឈ្មោះ វ៉ុន តាំងឈន់ អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ដូចគ្នា មានកូន៣នាក់ ។
តាមការរៀបរាប់របស់ជនរងគ្រោះប្រាប់សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង ១៥ នាទីយប់ ថ្ងៃទី៣១ តុលា ឆ្នាំ២០១៣ ប្តីស្ត្រីរងគ្រោះបានហៅមេការ និងក្រុមការងារជាច្រើននាក់ មកផឹកស៊ីនៅផ្ទះរបស់ខ្លួន ។ ក្រោយមកប្តីក៏បបួលក្រុមការងារទៅច្រៀងខារ៉ាអូខេ តែមេការមិនបានទៅជាមួយនោះទេដោយនៅដេកក្នុងផ្ទះជាមួយស្ត្រីរងគ្រោះ និងកូន ។ លុះដល់ម៉ោងកើតហេតុក៏ធ្វើសកម្មភាពចាប់ស្ត្រីរងគ្រោះរំលោភរហូតបានសម្រេចហើយគេចខ្លួនបាត់។
ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕