ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលត្រូវជាឪពុកចុងត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រពន្ធ និងកូនស្រីដើម ដោយចោទប្រកាន់ថា បានចាប់បង្ខំរំលោភនាងប៉ុន្តែមិនបានសម្រេច កាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី២៩ តុលា ស្ថិតនៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជនជាប់ចោទមានឈ្មោះ ហែម ពេជ្រ អាយុ៥៧ឆ្នាំ ស្នាក់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ជាមួយនឹងជនដើមចោទ។
ប្រភពពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា រូបគាត់ជាស្ត្រីមេម៉ាយមានកូន៥នាក់(ប្រុស៤ស្រី១)ជាមួយប្តីមុន ។ ក្រោយមកក៏បានយកប្តីមួយទៀតដែលជាដើមចោទ គឺបានគ្នាជាប្តី-ប្រពន្ធរយៈពេល១២ឆ្នាំហើយ ប៉ុន្តែគ្មានកូននោះទេ ។ ប្តីក្រោយនេះជាមនុស្សចូលចិត្តផឹកស្រា និងស្រវឹងរាល់ថ្ងៃពុំដែលខានទ្បើយ ។
ប្រភពដដែលបានបន្ថែមទៀតថា កាលពីកូនស្រីនៅអាយុ៩ឆ្នាំ គាត់ក៏ធ្លាប់បានឃើញប្តីរបស់គាត់មានបំណងមិនល្អបៀតបៀនលើរូបរាងកាយកូនម្តងរួចមកហើយដែលគាត់បានទៅទាន់ឃើញផ្ទាល់នឹងភ្នែក ។ ដោយឡែកនៅថ្ងៃកើតហេតុរូបគាត់ជាប្រពន្ធមិនបាននៅផ្ទះទេ នៅពេលមកដល់ផ្ទះវិញកូនស្រីដែលមានអាយុ ២១ ឆ្នាំ បាននិយាយប្រាប់ថា ឪពុកចុងស្រវឹងបានចាប់នាងរំលោភមុនគាត់ជាម្តាយមកដល់ប្រហែលជាង១ម៉ោងមុន តែមិនបានសម្រេចទេ ព្រោះនាងបានរើបម្រាសរួច ។
ក្រោយពេលកើតហេតុ រូបនាង និងម្តាយបាននាំគ្នាទៅប្តឹងសមត្ថកិច្ចប៉ូលិសមូលដ្ឋាន ហើយត្រូវបាននគរបាលស្រុកចាប់ខ្លួនបញ្ជូនមកស្នងការនគរបាល ខេត្ត ។ ស្ត្រីជាប្រពន្ធបានបន្តថា តាំងពីបានគ្នាជាប្តី-ប្រពន្ធមក ប្តីចុងគាត់មិនសូវបានជួយរកស៊ីចិញ្ចឹមប្រពន្ធកូននោះទេ ។ រាល់ថ្ងៃគេស៊ីឈ្នួលមើលគោបានប្រាក់ក្នុង១ថ្ងៃ៣ពាន់រៀលយក ទៅទិញស្រាផឹករាល់ថ្ងៃ ។ ពេលនេះហ៊ានចាប់រំលោភកូនចុងខ្លួនឯងថែមទៀតដែលធ្វើឱ្យ រូបគាត់ជាប្រពន្ធអត់ទ្រាំមិនបានទ្បើយ ។
នារីរងគ្រោះបានឱ្យដឹងថា ក្នុងពេលកើតហេតុឪពុកចុងរបស់នាងស្រវឹងស្រាបានមកចាប់ បង្ខំរំលោភនាង ប៉ុន្តែមិនបានសម្រេចទ្បើយព្រោះនាងបានរើបម្រាសរួច ។ ចំណែកឪពុកចុងជាជនសង្ស័យបានប្រកែកថា រូបគាត់មិនបានចាប់រំលោភកូនដូចការចោទប្រកាន់នោះទេ គឺនៅពេលគាត់ស្រវឹង គាត់គ្រាន់តែដួលពីលើកូនស្រីតែប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណាសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅតុលាការតាមនិតីវិធីហើយដែរ ៕