ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យបីនាក់ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនដ៏សកម្ម ត្រូវបានកម្លាំងនគរបាលស្រុកមង្គលបូរី សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ធ្វើការឃាត់ខ្លួន ខណៈដែលពួកគេកំពុងធ្វើសកម្មភាពចរាចរគ្រឿងញៀន ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៣១ តុលា ២០៣ នៅក្នុងភោជនីយដ្ឋានប្រជុំមិត្ត ដែលស្ថិតនៅក្នុងភូមិបន្ទាយមាង ឃុំបន្ទាយមាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួនទាំងបីនាក់នោះមាន ១.ឈ្មោះ តុល ចន្ថា ភេទប្រុស អាយុ ៤០ឆ្នាំ បម្រើការងារនៅអង្គភាពក្រសួងការពារជាតិ ២.ឈ្មោះ ម៉ៅ សំរិទ្ធ ភេទប្រុស អាយុ ៥០ឆ្នាំ បម្រើការងារនៅមណ្ឌលពិការភ្នំឆ័ត្រ ៣.ឈ្មោះ ក្រាម ស៊ុនលី ភេទប្រុស អាយុ ៣២ឆ្នាំ ជាកម្លាំងនគរបាលក្រសួង។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានឆែកឆេររកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១ កញ្ចប់ធំ មានចំនួន ៦,០០០គ្រាប់ ព្រមទាំងដកហូតរថយន្ត ២គ្រឿង ដែល ១គ្រឿង ម៉ាក ISUZU ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02.2-6225 និង ១គ្រឿងទៀត ម៉ាក LEXLIS ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E.4035ដែលជនសង្ស័យជិះធ្វើសកម្មភាព ។
បច្ចុប្បន្នជនសង្ស័យទាំងបីខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន រង់ចាំចំណាត់ការបន្ត៕