ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង ៨ និង ២៥ នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ត្រង់ចំណុចជិតគល់ស្ពានមិត្តភាពកម្ពុជា-ចិនសេកុង ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង រថយន្តម៉ាករេវជាប្រភេទរថយន្តដឹកឈើ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ទុកនៅពេលនាំចេញពីប្រទេសឡាវតាមច្រករបៀង ចូលមកប្រទេសកម្ពុជា ឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែង ។ ការចុះប្រតិបត្តិការស្ទាក់ចាប់រថយន្តចំនួនបីគ្រឿងនោះ ខណៈដែលកំពុងធ្វើចរាចរលើកំណាត់ផ្លូវជាតិលេខ៧ (អាស៊ាន) រួមជាមួយបុរសជាជនជាតិវៀតណាមចំនួន៥នាក់ បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។
តាមប្រភពប្រភពព័តមានបានឲ្យដឹងថា លោក ឯក ស៊ីវវណ្ណដន ស្នងការរងទទួលបន្ទុកព្រំដែនជាអ្នកនាំរថយន្តរេវមានប៉ាកុងជាប្រភេទរថយន្តដឹកឈើពីប្រទេសឡាវតាមច្រករបៀងចូលមកប្រទេសកម្ពុជាឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែង ដោយមិនមានការបង់ពន្ឋសោះឡើយគឺលួចនាំចូលតាមច្រករបៀង ត្រូវកម្លាំងអាវុធហត្ថស្ទាក់ចាប់បានក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង។ រថយន្តរេវទាំងបីគ្រឿង ដែលត្រូវសមត្ថកិច្ចចាប់បាននោះ ត្រូវបានគេលួចនាំចូលតាមច្រករបៀងឡាវ កម្ពុជា ស្ថិតក្នុងភូមិសាស្ត្រ ភូមិខាំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ដោយធ្វើចរាចរតាមផ្លូវជាតិ ជិតដល់ទីរួមខេត្តខេត្តស្ទឹងត្រែងក៏ត្រូវអាវុធហត្ថឃាត់នាំយកមកកាន់ទីបញ្ជាការអាវុធហត្ថខេត្តតែម្តង ។
ប្រភពព័តមានបន្តទៀតថាការឃាត់រថយន្តដែលត្រូវបានគេលួចនាំយកឆ្លងដែន ពីក្នុងដីឡាវត្រូវបានកំលាំងអាវុធហត្ថ ចាប់ ឃាត់រថយន្តនិងជនជាតិវៀតណាម ក្នុងនោះក៏បាន លេចឭថាអ្នកមានលោកស្នងការរងឈ្មោះ ឯក ស៊ីវវណ្ណដន ស្នងការរងទទួលបន្ទុកព្រំដែនខេត្តស្ទឹងត្រែងជាអ្នកនាំរថយន្តចូលនោះ កំពុងសុំសម្របសម្រួលដោះលែងជនជាតិវៀតណាមទាំង៥នាក់ និងរថយន្តរេវទាំងបីគ្រឿងនោះ តែត្រូវបានកំពុងចាត់ការបន្តទៅតាមនីតិវិធី ។ តាមការអះអាងពីមន្ត្រីគយបានអោយដឹងថាចំពោះរថយន្តរេវមានប៉ាកុងជាប្រភេទរថយន្តដឹកឈើដែលលួចនាំចូលដោយខុសច្បាប់ពីសំណាក់មន្ត្រីខិលខូចចេញពីប្រទេសឡាវ តាមច្រករបៀងចូលមកប្រទេសកម្ពុជាមានចំនួនបីគ្រឿងខាងលើនោះបើគិតតាមអាត្រាបង់ពន្ឋនិងការផាកពិន័យគឺទឹកប្រាក់រាប់រយលានរៀលឯណោះ។
អគ្គស្នងការនគរបាលជាតិ អាចខកចិត្តខ្លាំងសម្បើមចំពោះការចាត់តាំងឲ្យលោក ឯក ស៊ីវវណ្ណដន ស្នងការរងទទួលបន្ទុកព្រំដែនខេត្តស្ទឹងត្រែង ដឹកនាំកម្លាំងមើលកិច្ចការព្រំដែនបែរជាលោក ឯក ស៊ីវវណ្ណដន ស្នងការរងនិងបក្ខពួកមិនបានអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់លើ គិតតែប្រមូលផលប្រយោជន៍យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ។ ពេលខ្លះគិតតែផលប្រយោជន៏ ប្រមូលលុយបំពានទៅលើជំនាញរបស់សមត្ថកិច្ចដទៃបង្កើតឲ្យមានទំនាស់ផលប្រយោជន៍ជាហូរហែរផងដែរ៕