ខេត្តបាត់ដំបង ៖ បន្ទាប់ពីទឹកជំនន់ដែលបង្ករឡើងដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត ផលដំណាំរបស់ប្រជាពលរដ្ឋ ដែលផលដំណាំទាំងនោះប្រជាកសិករបានទៅខ្ចីបុលគេ ។ បញ្ហាទាំងបានបង្ខំឲ្យប្រជាពលករខ្មែរប្រុសស្រីរាប់រយនាក់បានសម្រុកនាំគ្នាចេញតាមច្រករបៀងច្រករបៀងទាំងស្របច្បាប់ និងខុសច្បាប់ ដើម្បីទៅរកការងារធ្វើជាកម្មករដើម្បីដូរបាយនៅទឹកដីថៃ។
ការចំណាកស្រុកដើម្បីទៅរកការងារនៅទឹកដីនៃប្រទេសថៃ អាចជាចំណូលមួយផ្នែកដែលអាចឲ្យពួកគេរួចពីភាពក្រីក្រ និងដោះបំណុលគេបាន ។ ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺការចាញ់បោកមេខ្យល់ ទោះបីជាគេបានដឹងហើយក៏ដោយ។ ចំណែកអាជ្ញាធរពាក់ព័ន្ធបែរជាមិនខ្វល់នឹងបញ្ហាខាងលើនេះឡើយ ផ្ទុយទៅវិញពួកសមត្ថកិច្ចពាក់ព័ន្ធទាំងនោះបានប្រមូលផលប្រយោជន៍ពលករចំណាកស្រុក ប្រៀបដូចជាឈ្លើងជញ្ជក់ឈាម។
តាមប្រភពបានឲ្យដឹងថា ច្រករបៀងដែលគេបើកឲ្យមេខ្យល់នាំពលករចេញទៅរកការងារធ្វើនៅក្នុងទឹកដីថៃ នោះមានឈ្មោះច្រករបៀងដើមអំពិលស្ថិតនៅក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ច្រករបៀងខាងលើការគ្រប់គ្រងពីលោកវរសេនីយ៍ទោ ស្រី សុខុន លោក ឡាយ ខុន រួមទាំងលោក លី សាវង្ស ដែលជានាយទាហានសឹករងស្រុកសំពៅលូន ដែលគ្រប់គ្រងនៅចំណុចច្រករបៀងនោះ។
ការឃុបឃិតគ្នានេះ បានធ្វើឲ្យមេខ្យល់នាំក្រុមពលករខ្មែរ ចេញទៅក្នុងទឹកដីថៃ យ៉ាងភ្លូកទឹក ភ្លូកដី ប្រៀបដូចទឹកហូរធ្លាក់មកពីកំពូលភ្នំយ៉ាងគំហុកទាំងថ្ងៃទាំងយប់ដោយពុំមានការទប់ស្កាត់បន្តិចណាសោះឡើយ ។ បើទោះបីប្រមុខរាជរដ្ឋាភិបាលដាក់ចេញនូវបទបញ្ជាឲ្យទប់ស្កាត់ប្រជាពលរដ្ឋខែ្មរមិនឲ្យធ្វើចំណាកស្រុកខុសច្បាប់ ចេញទៅបម្រើការងារនៅក្រៅប្រទេស យ៉ាងណាក៏ដោយនោះ ។ ជុំវិញបញ្ហាទាំងអស់ខាងលើនេះក្រុមអាជ្ញាធរ រួមនឹងសមត្ថកិច្ច មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ៕