បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាអាណត្តិទី៥នេះ បានដាក់ផែនការកែទម្រង់យ៉ាងស៊ីជម្រៅមកនោះ ភាពមិនប្រក្រតីបានលេចឡើងជាបន្តបន្ទាប់ ។ ជាក់ស្តែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយដែលបានឈ្មោះថា " Samdech Hun Sen, Cambodia Prime Minister " ដែលមានសមាជិកគាំទ្ររហូតដល់ ១២០២០២ ដែលគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៣ ។
ម្ចាស់ទំព័រមួយនេះបានយករូប"សម្តេចតេជោ ហ៊ុន សែន"ដាក់ជាសញ្ញា និងតែងលើកតម្កើងសម្តេចនាយករដ្ឋមន្ត្រីយកមក ផ្សព្វផ្សាយនៅក្នុងវេទិកា"ខ្សឹបប្រាប់សម្តេច" ។ ថ្មីៗនេះទំព័របានបង្ហាញនូវភាពមិនប្រក្រតីក្នុងការដឹកនាំរបស់លោក អេង ភីរុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៥ ។
នៅក្នុងអត្ថន័យនៅបានឲ្យដឹងថា “យើងខ្ញុំជាមន្ត្រីនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សូមគោរពរាយការណ៍ជូនសម្ដេចពីភាពមិនប្រក្រតីនៃមន្ទីរបរិស្ថានដូចតទៅ ៖
សម្ដេចជាទីគោរព!
ខ្ញុំបាទមិននិយាយអំពីពុករលួយរឿងទ្រព្យសម្បត្តិរដ្ឋ ដូចជាចលន និងអចលនវត្ថុរបស់មន្ទីរបរស្ថានខេត្តស្ទឹងត្រែងទេ ព្រោះជារឿងរបស់ប្រធានគ្រប់គ្រង។ តែសូមនិយាយអំពីរឿងទាក់ទងមន្ត្រីថ្នាក់ក្រោមដែលមានដូចតទៅ៖
១.របបឯកសណ្ឋានរបស់មន្ត្រីបានបាត់ចាប់តាំងពី ២០០៥ មកដល់បច្ចុប្បន្ន គឺចាប់តាំងពីគោលការផ្ដល់ប្រាក់ឲ្យកាត់ខ្លួនឯង។ សំណូមពរក្រសួងកាត់ឲ្យតែម្ដងទៅដើម្បីកុំឲ្យបាត់។
២.កន្លងមកលោក អេង ភីរុង ធ្វើប្រធានមន្ទីរខ្លួនឯង រដ្ឋបាលខ្លួនឯង គណនេយ្យខ្លួនឯង តែចុងអាណតិនេះគាត់បានបញ្ចូលកូនក្មួយច្រើនឲ្យធ្វើការងារនេះជំនួសគាត់។ ចំណែកប្រធានការិ.ជំនាញមានត្រឹមតែឈ្មោះក្នុងក្រដាស់អត់មានសិទ្ធ អត់មានការងារអ្វីទាំងអស់។ រឹតតែយ៉ាប់ទៅទៀតនោះលោកប្រធានមន្ទីរចេះហត្ថលេខាកូនចៅ ហើយចុះហត្ថលេខាខ្លួនឯងជំនួសមន្ត្រីទាំងអស់។
៣.ថ្មីនេះមុនឯកឧត្ដមមកដល់គាត់បានលួចតែងតាំងមន្ត្រីច្រើននាក់ជាដៃជើងកូនក្មួយរបស់គាត់។ តែរឿងអាក្រកនោះគឺគាត់តែងតាំងប្រធានការិ.រដ្ឋបាលថ្មីត្រួតលើអ្នកចាស់ ធ្វើឲ្យការិ.១មានប្រធានពីរ ។ ដូច្នេះអ្នកចាស់មិនដឹងទៅណា ឬមួយត្រូវដកជាមន្ត្រីសាមញ្ញ អត់ដឹងមូលហេតុ អត់ដឹងកំហុស។
៤.មានរឿងច្រើនទៀតដែលខ្ញុំមិនបានរៀបរាប់ ។ កន្លងមកមន្ត្រីរើខ្លួនមិនរួចដោយសារ ឯកឧ.ម៉ុក ម៉ារេត គាបជាប់។
សូមសម្ដេច មេត្តាត្រួតពិនិត្យការងាររបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងផង ឬ សុំដូរប្រធានមន្ទីរក៏បានដែរ ។ សូមសម្ដេចមេត្តាជួយដល់មន្ត្រីតូចតាចដូចយើងខ្ញុំដែលរងទុក្ខលំបាកមក10ឆ្នាំហើយនេះផង ៕”
ក្រោយពេលដំណឹងទាំងនេះបានបង្ហាញក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលជាបណ្តាញកំពុងមានប្រជាប្រិយភាពបំផុតសម្រាប់យុវវ័យ រហូតដល់បច្ឆិមវ័យក្នុងការចែករំលែកព្រឹត្តិការណ៍នានាដែលកើតមានក្នុងសង្គមនោះ មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា ក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជាមានទម្លាប់អាក្រក់មួយ គឺមួយម៉ាត់ណាក៏ដោយ ក៏សម្តេច… "គឺសំដៅលើសម្តេចតេជោ ហ៊ុន សែន" ។ គ្រាន់តែរឿងតូចតាចត្រឹមកាត់សាច់ដំបៅចោលប៉ុណ្ណឹងក៏ត្រូវការសម្តេចដែរ ឬក៏ដំបៅនោះបានក្លាយជាមហារីកទៅហើយ ។ បើដូច្នេះ តើរដ្ឋមន្ត្រីនៅតាមបណ្តាក្រសួង ស្ថាប័នយ៉ាងច្រើនគគោកនោះនាំគ្នាធ្វើកិច្ចការអ្វីដែរ ? ឬក៏មន្ត្រីគណបក្សប្រជាជនកម្ពុជាចង់បង្ហាញឲ្យឃើញថា អំណាចគ្រប់យ៉ាងគឺប្រមូលផ្តុំតែនៅលើ"សម្តេចតេជោ ហ៊ុន សែន"ម្នាក់ប៉ុណ្ណោះដូចគេថាមែន ?
សូម ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានអាណត្តិទី៥ មេត្តាត្រួតពិនិត្យមើលរបាយការណ៍រៀបរាប់របស់មន្ត្រីក្រោមឱវាទមន្ទីរ បរិស្ថានខេត្តស្ទឹងត្រែងផង កុំចាំបាច់រំខានដល់"សម្តេចតេជោ ហ៊ុន សែន"ដូចទម្លាប់របស់មន្ត្រីគណបក្សប្រជាជនកម្ពុជា តែងតែធ្វើកន្លងមកនោះតទៅទៀត ៕