ប្រទេសចិន ៖ កាលពីពេលកន្លងមកនេះក្រសួងសន្តិសុខសារធារណៈចិន បានចេញសេចជូនដំណឹងមួយ ដើម្បីទាមទារឲ្យអាជ្ញាធរសន្តិសុខក្នុងតំបន់ធ្វើយ៉ាងណាកុំប្រើសកម្មភាពបណ្តើរជនសង្ស័យ ដែលត្រូវបានចាប់ខ្លួន ក្នុងស្ថានភាពដូចអ្នកទោសធ្ងន់ធ្ងរ នៅតាមទីសាធារណៈឲ្យជ្រុលហួសហេតុនោះ និងគួរតែគោរពនូវសេចក្តីថ្លៃថ្នូររបស់ពួកគេផង នៅក្នុងអំឡុងយុទ្ធនាការបង្ក្រាបប្រឆាំងទៅនឹងបញ្ហាផ្លូវភេទនេះ ។
សេចក្តីជូនដំណឹងនេះធ្វើឡើងបន្ទាប់ពីពលរដ្ឋចិនជាច្រើនបានចោទជាសំណួរ និងថ្កោលទោសយ៉ាងខ្លាំងចំពោះបណ្តាទង្វើរថ្មីៗនេះ របស់ប៉ូលីសក្នុងតំបន់ ដែលបានធ្វើឲ្យជនសង្ស័យអាប់មុខមាត់ តាមរយៈការបណ្តើរពួកគេក្នុងវិធីដាក់ទណ្ឌកម្ម នៅពីមុខសាធារណៈជននោះ ។
ពាក់ព័ន្ធករណីនេះផងដែរគេហទំព័រ ឆាយណាប៊ូស ធ្លាប់បានរាយការណ៍ម្តងហើយ ចំពោះហេតុការណ៍មួយដែលបានកើតឡើងនៅទីប្រជុំជន Qingxi ក្រុង Dongguan ដោយប៉ូលីសក្នុងតំបន់បានបណ្តើរស្ត្រីរកស៊ីផ្លូវភេទ និងបុរសជាដៃគូរួមភេទដែលត្រូវចោទប្រកាន់នោះឲ្យដើរតាមដងផ្លូវសាធារណៈ ជាមួយដៃជាប់ខ្នោះ ជើងជាប់ច្រវ៉ាក់ គួរឲ្យអាម៉ាស់បំផុត ៕