ខេត្តបាត់ដំបង ៖ ភាពព្រៃផ្សៃ សាហាវ យង់ឃ្នងតែងតែបិទបាំងសតិមនុស្សមួយរយៈ គួបផ្សំជាមួយចិត្តគ្មានខន្តីទៀតនោះ បានធ្វើឲ្យមនុស្សហ៊ានប្រព្រឹត្តនូវអ្វីដែលដឹកស្មានមិនដល់ ។ទោះបីជាយ៉ាងណាព្រោះតែសេចក្តីប្រចណ្ឌយ៉ាងងប់ងុល ប្តីអគតិម្នាក់បានទាញកាំបិតខ្វែវកាប់ប្រហារភរិយារបស់ខ្លួនដោយគ្មានញញើតដៃបណ្តាលឲ្យស្ដ្រីជាប្រពន្ធត្រូវដេកស្លាប់ក្នុងថ្លុកឈាម ពេលនាងកំពុងរើសអង្ករដាំបាយ ។ អំពើឃាតកម្មដ៏ព្រៃផ្សៃមួយនេះបានកើតឡើងកាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិស្នួលកោង ឃុំ បឹងព្រីង ស្រុកថ្មគោល ខេត្ដបាត់ដំបង ។
បុរសជនសង្ស័យជាប្តីមានឈ្មោះសួន រី អាយុ២៨ឆ្នាំ ជាកម្មករសិប្បកម្មលូ រស់នៅកន្លែងកន្លែងកើតហេតុខាងលើ ចំណែកភរិយារងគ្រោះឈ្មោះ សល សឿត អាយុ២៥ឆ្នាំ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះត្រូវប្តីតិរច្ឆានប្រើកាំបិតខ្វែវប្រវែងជិត១ម៉ែត្រកាប់ត្រូវត្រង់គល់កខាងឆ្វេងមួយកាំបិតស្ទើរដាច់.ក ហើយស្លាប់ភ្លាមៗនៅលើផ្ទះ ។
ប្រភពពីឪពុកជនសង្ស័យបានបន្តទៀតថា មុនពេលកើតហេតុពីរនាក់ប្ដីប្រពន្ធមិនមានឈ្លោះគ្នាទេ គាត់ជាឪពុកក៏ចេញទៅមើលស្រែក្រោយមកក៏ត្រឡប់មកវិញដើរចូលក្រោមផ្ទះ ប្រទះឃើញឈាមស្រក់ពីលើផ្ទះ ។ ពេលនោះគាត់ក៏ឡើងលើផ្ទះ ស្រាប់តែឃើញកូនប្រសាដេកស្លាប់ក្នុងថ្លុកឈាមហើយ កូនបង្កើត (ជនល្មើស) នៅក្បែរសពដុតធូប ទៀតផង ។ ភ្លាមៗនោះគាត់ក៏បានប្រាប់សមត្ថកិច្ចឱ្យមកឃាត់ខ្លួនកូនប្រុសយក ទៅសាកសួរតែម្ដង ។
បច្ចុប្បន្នសង្ស័យ សមត្ថកិច្ចកំពុងសាកសួរបន្ថែម និងរៀបចុះកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្ដដើម្បីចាត់ការតាមច្បាប់ ៕