ខេត្តកំពត ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលត្រូវគេលបកាប់ចំនួនពីរពូថៅ ពេលកំពុងបណ្តើរប្រពន្ធ និងកូនតូចត្រឡប់ពីចូលរួមពិធីភ្ជាប់ពាក្យកូនអ្នកភូមិ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៨ តុលា ២០១៣ ស្ថិតនៅចំណុចភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះយឹម សឿន អាយុ៣២ឆ្នាំ ។ ចំណែកជនបង្កដែលជាមនុស្សឆ្កួតឈ្មោះសែម វី អាយុ៤៥ឆ្នាំ ។
តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធបានឱ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុអ្នកភូមិនៅជិតគ្នាបានហៅទៅចូលរួមពិធីស្តីដណ្តឹងកូន លុះចប់ពិធីម៉ោងជាង ៩ យប់ ក៏បណ្តើរប្តី និងកូនផងត្រឡប់ទៅផ្ទះវិញ លុះដើរមកដល់ពាក់កណ្តាលផ្លូវ ដែលជាកន្លែងកើតហេតុស្រាប់តែជនឡប់សតិម្នាក់បានពួនស្ទាក់កាប់ប្តីរបស់ខ្លួន ២ ពូថៅផ្ទួនៗចំក្បាល បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន រួចគំរាមបម្រុងកាប់ខ្លួនទៀត តែត្រូវបានរត់រួចខ្លួន ហើយបានស្រែកឱ្យអ្នកភូមិជួយ ទើបបុរសរូបនោះកាន់ពូថៅដើរទៅចូលផ្ទះវិញធ្វើព្រងើយ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ ប៉ុន្តែត្រូវជនឡប់សតិនោះសំឡុតវិញ ។ បន្ទាប់មកសមត្ថកិច្ចថយសិន ហើយបានប្រគល់ករណីនេះទុកឱ្យប៉ូលិសវិញម្តង៕