រាជធានីភ្នំពេញ ៖ អំពើបាញ់បោះសេរីបានធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ដែលបណ្តាលមកពីមន្ត្រីយោធាម្នាក់ពាក់ស័ក្តិ ៤ ទំនើងបានប្រព្រឹត្តដោយខ្លួនដែលពឹងអាងបុណ្យសក្តិនិងអំណាចរបស់ខ្លួន ។ ហេតុការណ៍បាញ់បោះសេរីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៨ និង ១០នាទីយប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅមុខទីស្នាក់ការសង្កាត់ពងទឹក ខណ្ឌដង្កោ ក្រោយជននេះបានជិះរថយន្តបាញ់ តាមផ្លូវតាំងពីផ្លូវចំការដូង រហូតដល់ផ្លូវព្រៃស ក្នុងខណ្ឌដង្កោ ។
បុរសទំនើងដែលពាក់សក្តិ៤ នោះមានឈ្មោះ ប៊ុន ច័ន្ទពិសិដ្ឋ ជាមន្ត្រីយោធាពាក់ស័ក្តិ ៤ និងជាកូនថៅកែហាងគុយទាវយីហោ ពន្លឺច័ន្ទ នៅខណ្ឌពោធិ៍សែនទៀតផង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឮសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ដែលធ្វើឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋខណៈកំពុងធ្វើដំណើរតាមដងផ្លូវចំការដូង។ ពេលនោះសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ បានឃើញជនបង្កដែលបើករថយន្ត ម៉ាកលុច្សស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-7027 មកដល់មុខទីស្នាក់ការសង្កាត់ពងទឹក កម្លាំងនគរបាលបានយកម៉ូតូមួយគ្រឿង ទៅដាក់ពាំងពីមុខរថយន្ត តែត្រូវជនបង្កបាញ់ តបតជាមួយសមត្ថកិច្ចមកវិញ ជាហេតុធ្វើឲ្យ កម្លាំងសមត្ថកិច្ច បាញ់បំបែកកង់រថយន្ត ហើយឈានទៅដល់ការចាប់ខ្លួនតែម្តង។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ មិនទាន់មានមូលដ្ឋានច្បាស់លាស់ពីការបាញ់បោះបែបអណាធិបតេយ្យខាងលើនេះទេ ពីព្រោះស្ថិតនៅក្រោមការសួរនាំពីសំណាក់សមត្ថកិច្ចនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។ ក្រោយពីការសាកសួររួចសមត្ថកិច្ចខណ្ឌដង្កោ នឹងចាត់វិធាការណ៍ទៅតាមផ្លូវច្បាប់ មិនទុកឲ្យជនបង្ករូបនេះមានសេរីភាពនោះឡើយ ៕