រាជធានីភ្នំពេញ ៖ របាំងចែកទ្រូវផ្លូវ និងបង្គោលស្លាកសញ្ញា បានទទួលរងការខូចខាងយ៉ាងដំណំ ខណៈដែលបុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តទៅបុកទាំងកំរោល ។ ករណីបុករះបំផ្លាញទ្រព្យសម្បត្តិសារធារណៈនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០ នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ឋិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្ដបង្កហេតុម៉ាក CRV ភ្នំពេញ 2E-1556 ឈ្មោះ សាវឿន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ប្រភពបន្ដទៀតថា នៅមុនពេលកើតហេតុរថយន្ដបង្កបើកដោយបុរសម្នាក់ក្នុងអាការស្រវឹងស្រាជោកជាំ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតបុកស្លាកសញ្ញាបង្ហាញផ្លូវ បាក់អស់ ២ ដើម និងរបាំងដែកចែកពុះចែកទ្រូងផ្លូវបាក់៥ផ្ទាំង រួចហើយរថយន្ដបានបែកកង់មុខខាងឆ្វេង ។
ក្រោយកើតហេតុ អ្នកជនបង្កមិនបានចុះពីរថយន្ដទេ ដោយបានព្យាយាមបើករថយន្ដគេចបានប្រមាណ១ គីឡូម៉ែត្រ ត្រូវនគរបាលឃាត់បានទាំងអ្នកបើកបរនិងរថយន្ដ រួចប្រគល់ឱ្យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានី ភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕