រាជធានីភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលកម្មវិធីជប់លៀងបុគ្គលិក នៅលើទូកកម្សាន្តមួយយីហោចតុមុខ០៥ បានសម្លាប់បុគ្គលិកដោយស្ថិតនៅក្នុងស្ថានភាពអាថ៌កំបាំង ។ ហេតុការណ៍បុរសម្នាក់ធ្លាក់ពីលើទូកនេះបានកើតឡើងកាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ នៅចំណុចទន្លេចតុមុខមុខផ្សារត្រី ស្ថិតក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ។
ជន រងគ្រោះមានឈ្មោះ កែវ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនម៉ូប៊ីថែល ស្នាក់នៅផ្ទះលេខ២៦៤ ផ្លូវលេខ១៤៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុនោះក្រុមហ៊ុនបានរៀបចំពិធីជប់លៀងសម្រាប់បុគ្គលិកដោយជួលទូកកម្សាន្តជិះទៅផឹកស៊ីសប្បាយនៅកណ្ដាលទន្លេ។ លុះពេលត្រឡប់មកវិញក៏ស្រាប់តែបុរសរងគ្រោះនោះធ្លាក់ពីលើទូកនោះតែម្ដង ហើយរហូតមកដល់ពេលនេះនៅមិនទាន់រកឃើញសពនៅឡើយ។ ប្រភពដដែលបានបន្តទៀតថាបញ្ហានៃការស្លាប់របស់បុរសរងគ្រោះស្ថិតនៅក្នុងភាពអាថ៌កំបាំង ព្រោះមានការបិទបាំងព័ត៌មានពីសំណាក់ម្ចាស់ទូកក៏ ដូចជាបុគ្គលិកក្រុមហ៊ុន។ លុះក្រោយមកទើបបង្ហើបប្រាប់តែស្ថិតក្នុងភាពមិនច្បាស់លាស់ដដែល ព្រោះសំដីរវាងម្ចាស់ទូក និង បុគ្គលិកក្រុមហ៊ុនមិនស៊ីសង្វាក់គ្នា ហើយការនិយាយទៀតសោតក៏ស្ថិតនៅក្នុងការលាក់លៀមទៀតផង។
ពាក់ព័ន្ធនឹងបញ្ហានេះម្ចាស់ទូកឈ្មោះ បាននិយាយថា ជារៀងរាល់ឆ្នាំក្រុមហ៊ុនតែងតែជួលទូកគាត់សម្រាប់ពិធីជប់លៀង នោះមិនដែលមានបញ្ហានោះទេ ទើបតែថ្ងៃកើតហេតុនោះក៏មានរឿងហេតុដូច្នេះតែម្ដង។ ម្ចាស់ទូកបន្តថា បុរសនោះបានលោតពីលើទូកដោយខ្លួនឯងមិនពាក់ព័ន្ធនឹងបញ្ហាទូករបស់គាត់ឡើយ។ ប៉ុន្តែគាត់បានបញ្ជាក់ថា ទូករបស់គាត់មានបញ្ហាផ្នែកខាងស្ដាំដែលបុរសរងគ្រោះធ្លាក់នោះ ប៉ុន្តែគាត់ពុំបានប្រាប់ក្រុមហ៊ុនឲ្យដឹងពីបញ្ហានេះជាមុនទេ ។ បើតាមសំដីរបស់បុគ្គលិកក្រុមហ៊ុននោះវិញបាននិយាយថា បុរសរងគ្រោះនោះ មិនបានលោតពីលើទូកនោះទេ ប៉ុន្តែបានបិទបាំងព័ត៌មាន ដោយពុំប្រាប់ពីមូលហេតុនៃការធ្លាក់ពីលើទូកនោះទេ គ្រាន់តែបញ្ជាក់ថា ក្នុងពេលបុរសនោះធ្លាក់ពីលើទូកនោះគឺមានបុរសម្នាក់ទៀតបានលោត ទៅជួយដែរ តែមិនបានសម្រេចឡើយ ហើយបុរសដែលលោតទៅជួយនោះក៏ត្រូវបានទូកផ្សេងទៀតចុះជួយស្រង់មិន ប៉ះពាល់ដល់អាយុជីវិតនោះទេ។
ជុំវិញបញ្ហានេះក្រុមគ្រួសារជនរងគ្រោះបានសំណូមពរដល់ភាគីម្ចាស់ទូក ក៏ដូចជាបុគ្គលិកក្រុមហ៊ុនសូមប្រាប់ពីមូលហេតុពិតប្រាកដនៃការ ធ្លាក់ទឹកនេះថាតើបណ្ដាលមកពីបញ្ហាបច្ចេកទេសទូក ឬបញ្ហាផ្សេង និង បានសំណូមពរដល់សមត្ថកិច្ចមេត្តាស៊ើបអង្កេតបញ្ហានេះផង ដើម្បីផ្ដល់យុត្តិធម៌ដល់សពក៏ដូចក្រុមគ្រួសារនៃសពកុំឲ្យមានការ មន្ទិលសង្ស័យ៕