ខេត្តបាត់ដំបង ៖ បុរសម្នាក់ក្លាយជាអ្នកទោសស្នេហា ខណៈដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់នារីរងគ្រោះ ដែលជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈកាលពីយប់ថ្ងៃទី៣ តុលា នៅភូមិរបស់មង្គល ឃុំរបស់មង្គល ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។ ការឃាត់ខ្លួនបុរសពោះម៉ាយរូបនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៦ តុលា ២០១៣។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាបុរសពោះម៉ាយកូន២ឈ្មោះម៉ក់ ម៉ូវ អាយុ៣០ឆ្នាំ ពិការភ្នែកម្ខាង រស់នៅភូមិ-ឃុំខាងលើ ។ សមត្ថកិច្ចបានបន្តទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានអះអាងថា ខ្លួនទើបមានទំនាក់ទំនងស្នេហាជាមួយនាង បានរយៈពេលប៉ុន្មានខែប៉ុណ្ណោះតាមរយៈទូរស័ព្ទ តែមិនធ្លាប់ជួបមុខគ្នាទេ ដោយសារនាងធ្វើការនៅក្នុងក្រុងបាត់ដំបង។ បុរសរូបនេះបានបន្ថែមទៀតថា ទំនាក់ទំនងស្នេហារវាងនាង និងខ្លួនតាមទូរស័ព្ទផ្អែមល្ហែមប្រើសុទ្ធតែពាក្យអូន-បង ដូចធ្លាប់ជួបមុខអ៊ីចឹង។ លុះនៅថ្ងៃទី៣ តុលា នាងបានមកលេងផ្ទះហើយបានទូរស័ព្ទណាត់ ជួបគ្នាគ្រាដំបូងនៅរាត្រីនោះតែម្តង។ គ្រានោះខ្លួនបានឱបថើបនាង ហើយបបួលនាងឡើងឋានសួគ៌ តែមិនបានសម្រេចទេ ដោយទីកន្លែងមិនអំណោយផល លុះយប់ជ្រៅបន្តិចពួកគេក៏បែកគ្នាទៅ។
នៅរសៀលថ្ងៃទី១៦ តុលា នាងបានណាត់ជួបខ្លួនម្តងទៀតនៅក្នុងចម្ការក្រោយផ្ទះនាង ដោយគ្រានោះម្តាយនាងមកទាន់ ដែលខ្លួនសង្ស័យថា នេះជាល្បិចរបស់នាងដែលមានចេតនាចង់ធ្វើបាបខ្លួន លុះនៅថ្ងៃទី២៦ ខែតុលា ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តងដោយចោទថា ខ្លួនចាប់រំលោភនាង។
ទោះជាយ៉ាងណាមន្ត្រីការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់បានបញ្ជាក់ថា ដោយយោងតាមពាក្យបណ្តឹងស្ត្រីរងគ្រោះ និងចម្លើយរបស់ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ លោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញាបាន សម្រេចឱ្យមន្ត្រីជំនាញកសាងសំណុំ រឿងបញ្ជូនខ្លួនបុរសពោះម៉ាយរូបនេះទៅកាន់តុលាការហើយ៕