ខេត្តបន្ទាយមានជ័យ ៖ ដោយសារភ្លើងប្រចណ្ឌស្ត្រីម្នាក់បានរងរបួសសុះសាច់ជាំពេញខ្លួន ដោយសារតែប្តីវាយធ្វើបាប ខណៈដែលទៅធ្វើការក្នុងដីថៃ។ ការវាយដំលើរូបរាងកាយនេះកើតឡើងកាលពីថ្ងៃទី២៤ តុលា ២០១៣ ស្ថិតក្នុងភូមិឡៅអយ ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ។
ស្ត្រីរងគ្រោះមានឈ្មោះ ឃុត សៀត អាយុ ៤១ឆ្នាំ ស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ បានរៀបរាប់ឲ្យដឹងថា ប្តីគាត់មានឈ្មោះ ឆៃ ហៅឌិន អាយុ ៣៦ឆ្នាំ ជាប្តីក្រោយរស់នៅជាមួយគ្នាបាន ១ឆ្នាំ។ ស្ត្រីរងគ្រោះបានបន្តថា គាត់ និងប្តី បានទៅធ្វើការស៊ីឈ្នួលឲ្យគេក្នុងដីថៃ ដោយប្តីរបស់គាត់មានការប្រចណ្ឌ ក៏បានវាយធ្វើបាបគាត់របួសសុះសាច់ និងក្បាល ធ្វើឲ្យគាត់ទ្រាំពុំបាន ក៏លួចរត់ចូលទៅពួនក្នុងព្រៃ តាំងពីវេលាម៉ោង ៩យប់ ថ្ងៃទី២៤ តុលា ២០១៣ លុះមកដល់ព្រលប់ថ្ងៃទី២៥ តុលា នេះ រូបគាត់បានលូនចេញពីព្រៃរត់ចេញមកបានជួបនឹងជនជាតិថៃម្នាក់ សុំពឹងគេឲ្យជួយដឹកតាមឡានមកដល់ភូមិណងកំប៉ុង ស្រុកអារញ្ញ។ បន្ទាប់ពីមកដល់ស្រុកអារញ្ញ ស្ត្រីខាងលើក៏បានជួបជនជាតិខ្មែរ អ្នកធ្វើការនៅទីនោះ ក៏សុំគេតាមឡានបន្តមករហូតដល់ ៣ដំណាក់ ទម្រាំមកដល់ព្រំដែនជួបនឹងសមត្ថកិច្ច។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ដោយមានការអន្តរាគមន៍ពីប៉ូលិសការពារព្រំដែនគោក៩១១ និងអាជ្ញាធរភូមិ បានហៅរថយន្តសង្គ្រោះរបស់អង្គការខាំម៉ា ដឹកស្ត្រីរងគ្រោះព្រោះប្តីប្រចណ្ឌវាយសុះសាច់ទៅព្យាបាលជា បន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
ចំណែកប្តីដៃដល់ តាមសេចក្តីរាយការណ៍ពីព្រំដែន បានឲ្យដឹងថា កាលពីយប់ថ្ងៃដដែលនេះ ប្តីបង្កហិង្សាលើប្រពន្ធនោះ បានលួចចូលមកផ្ទះរបស់ខ្លួន ក៏ត្រូវអាជ្ញាធរភូមិព័ន្ធចាប់បាន ហើយរាយការណ៍ទៅប៉ូលិសការពារព្រំដែនគោក៩១១ ឲ្យមកទទួលយកទៅទីបញ្ជាការវរព្រំដែនគោក៩១១ ដើម្បីធ្វើការសួរនាំបន្ត៕