ខេត្តបន្ទាយមានជ័យ ៖ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ត្រូវបានគេអនុវត្តជារឿយៗ តែមិនអាចបង្ក្រាបនូវពួកក្មេងទំនើងបាន ។ ជាក់ស្ដែងកាលពីវេលាម៉ោងប្រមាណ ១០យប់ថ្ងៃទី២៥ តុលា ២០១៣ នៅលើផ្លូវបេតុងក្នុងវត្តសូរិយារាម ហៅវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូ ៥ ទៅ ៦គ្រឿង មានគ្នាប្រហែល ១០នាក់ ប្រដាប់ដោយដុំថ្ម កាំបិត ដែក នាំគ្នាគប់ដំបូលផ្ទះអ្នកស្រុកមួយគ្រួសារឈ្មោះ ហៀង ឆឺយ ភេទស្រី អាយុ ៥៤ឆ្នាំ ដែលមានផ្ទះនៅជាប់របងវត្ត បង្កការភ្ញាក់ផ្អើលទាំងយប់។
អ្នកស្រុករកឃើញកាំបិតធ្វើម្ហូប១ និងដែកតូច១ នៅកន្លែងកើតហេតុជារបស់ភាគីបង្ក ដែលគប់ពាសវាលពាសកាល ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ដើម្បីធ្វើកំណត់ហេតុ។ តាមអ្នកស្រុកនិយាយថា ករណីខាងលើកើតមានជិត ១សប្ដាហ៍ហើយ គឺមានក្មេង ២ក្រុម ឌឺដងដាក់គ្នារកកលចង់វាយកាប់ចាក់គ្នាជារឿយៗ ដោយមិនដឹងមូលហេតុពិតប្រាកដឡើយ។
ស្ត្រីឈ្មោះ ហៀង ឆឺយ និយាយថា ប៉ុន្មានថ្ងៃជាប់គ្នានេះ គាត់ក៏ដូចជាគ្រួសារផ្សេងៗ មានការព្រួយបារម្ភ ខណៈដែលក្មេងៗ ទាំងនោះ ណាត់រកវាយកាប់ចាក់គ្នានៅក្នុងវត្ត និងមុខផ្ទះរបស់គាត់ ហើយកាលដែលផ្ទះគាត់ត្រូវគេនាំគ្នាគប់ដំបូលនេះ គឺគ្រួសារគាត់មិនដែលមានជម្លោះអ្វីជាមួយក្រុមក្មេងៗ ទាំងនោះឡើយ។
ទោះជាយ៉ាងណា គេឃើញសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុប្រមូលវត្ថុតាង ហើយដោយក្រុមបង្កបើកម៉ូតូគេចអស់ សមត្ថកិច្ចបានណែនាំឲ្យស្ត្រីជាម្ចាស់ផ្ទះទៅកាន់ប៉ុស្តិ៍រដ្ឋ បាលដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវរកក្រុមក្មេងទំនើងទាំង នោះ៕