ថ្មើរជើង​រាប់រយ​គីឡូម៉ែត្រ ដើម្បី​ប្រយោជន៍​កូនចៅ​ជំនាន់​ក្រោយ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មហា​បាតុកម្មអហិង្សា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​បានបញ្ចប់​ហើយ តែ​អ្វីដែល​ជាការ​ចាប់អារម្មណ៍​នៅ​គឺ​ស្ត្រី​ម្នាក់​ដែលជា​ស្ត្រី​មេ​ម៉ា​យ​​នោះ បាន​នាំ​កូន​បីនាក់​មកជា​មួយដើម្បី​ចូលរួម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រារព្ធ​នៅ​ទីលាន​ប្រជាធិបតេយ្យ ។

 ff (2)

​យោងតាម​គេហទំព័រ​របស់​វិទ្យុ​អាស៊ីសេរី បាន​បង្ហាញថា “​ខ្ញុំ​មកនេះ មិនមែន​ដើម្បី​ប្រយោជន៍​ខ្ញុំ​ទេ ខ្ញុំ​ធ្វើ​ដើម្បី​ប្រយោជន៍​កូនចៅ​ក្រោយៗ​ទៀត​” នេះ​សម្ដី​របស់​ស្ត្រី​ជា​បាតុករ ឈ្មោះ សៅ ពៅ ដែល​ដើរ​ពី​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មក​ចូលរួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ស្ត្រី​រូបនេះ ជា​អតីត​អ្នកបម្រើ​នៅ​ដំណាក់​ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ហើយ​ធ្លាក់ខ្លួន​មេម៉ាយ បន្ទាប់ពី​ប្ដី​ទី​១ របស់គាត់ ត្រូវបាន​គេ​បាញ់សម្លាប់​នៅ​ជិត​រោងកុន​វិមាន​ទិព្វ ក្នុង​ព្រឹត្តិការណ៍​ប្រយុទ្ធ​បង្ហូរឈាម​រវាង​កងទ័ព​របស់ លោក ហ៊ុន សែន និង​កងទ័ព​របស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​៥ និង ៦ កក្កដា ឆ្នាំ​១៩៩៧​។​ លោកស្រី សៅ ពៅ ជា​អតីត​សកម្មជន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​ឆ្នាំ​១៩៩៣ រួច​ក៏​ប្ដូរ​ចិត្ត​ទៅ​គាំទ្រ​បក្ស លោក សម រ​ង្ស៉ី វិញ ព្រោះតែ​ខឹង​នឹង​ទាហាន​របស់​បក្ស​ប្រជាជន​កម្ពុជា ដែល​បាញ់សម្លាប់​ប្ដី​របស់គាត់​។​

 

​បន្ទាប់ពី​ប្ដី​ទី​១ ត្រូវគេ​សម្លាប់ គាត់​បាន​យកប្ដី​ទី​២ ជា​អ្នកធាក់ស៊ីក្លូ បានកូន​បីនាក់​ទៀត ដោយ​ជួល​ផ្ទះ​គេ​រស់នៅ​អស់​រយៈពេល​ជាង ១០​ឆ្នាំ នៅ​ម្តុំ​បុរី​កីឡា​។ ពេលដែល​ប្លុក​បុរី​កីឡា ត្រូវបាន​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច គ្រួសារ​គាត់​ក៏ត្រូវ​បណ្ដេញ​ចេញពីផ្ទះ​សម្បែង និង​ត្រូវ​រស់នៅ​ក្រោម​ដើមឈើ​តាមផ្លូវ​សាធារណៈ ហើយ​ប្ដី​ទី​២ របស់គាត់ ក៏​ស្លាប់​ដោយសារ​ជំងឺ ចោល​គាត់​ទៀត​។​

 

​នៅ​ឆ្នាំ​២០១១ រូបគាត់​ក៏ត្រូវ​ទៅ​រស់​នៅតាម​ប្ដី​ទី​៣ នៅ​ឃុំ​តា​ម៉ៅ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ជាទី​ដែល​គាត់​ហត់​ទាំង​កាយ នឿយ​ទាំង​ចិត្ត​។ លោកស្រី សៅ ពៅ ប្រាប់ថា គ្រួសារ​គាត់​ត្រូវ​រស់នៅក្នុង​ខ្ទម​តូច​មួយ ហើយ​ពួកគាត់​តែង​រង​ការគំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​របស់ បក្ស​កាន់អំណាច ព្រោះតែ​គេ​ដឹងថា គាត់​គាំទ្រ​បក្សប្រឆាំង​។ លោកស្រី​គិតថា បើ​បណ្តោយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​ម្នាក់ឯង​តទៅទៀត កូនៗ​របស់គាត់​នឹងមាន​វាសនា​មិន​ខុសពី​គាត់​ទេ​។ កូនប្រុស​នឹង​អាច​ចាកចោល​ស្រុក ទៅធ្វើ​កម្មករ ហើយ​វាសនា​កូនស្រី​ក៏​មិន​ច្បាស់លាស់​ដែរ ព្រោះថា​សង្គម​ពុករលួយ ប្រកាន់​បក្ខពួក អ្នកក្រ​គ្មាន​លុយ​គ្មាន​ឱកាស​។ លោកស្រី​បញ្ជាក់ថា ព្រោះតែ​ចង់​ផ្លាស់ប្ដូរ រូបគាត់​សុខចិត្ត​ដើរ​ពី​ខេត្តកំពង់ចាម ដើម្បី​ធ្វើបាតុកម្ម​។​

ff (1)

​ក្នុង​វ័យ ៤៧​ឆ្នាំ លោកស្រី សៅ ពៅ មាន​មាឌ​ស្គម មុខស្រួច ពាក់​វ៉ែនតា​ពណ៌​ខ្មៅ ពាក់មួក​គណបក្ស​សង្គ្រោះ​ជាតិ អាវដៃវែង​ពណ៌​ត្រួយ​ចេក​ខ្ចី ដែលមាន​បិទ​ស្លា​កថា ដូរ​។ នៅ​កណ្ដាល​ថ្ងៃ​ក្តៅហែង មុខ​វេទិកា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ លោកស្រី សៅ ពៅ បាន​រាំ​ពត់ពេន​ខ្លួន​ជាមួយ​បាតុករ​ជាច្រើន​នាក់​ទៀត តាម​ចង្វាក់ភ្លេង​របស់​ក្រុម​តន្ត្រី​បក្សប្រឆាំង ដែល​ប្រគំ​ប​ទក​ន្ទ្រឹ​ម​កំដរ​បាតុករ​សម្រាក​ថ្ងៃត្រង់​។ រាំ​ទាំង​មុខស្ងួត បាន​ពីរ​បទ ស្ត្រី​បាតុករ សៅ ពៅ បាន​ស្ទុះ​ទៅរក​ស្តង់​ដែលមាន​កូនស្រី​តូច​នៅចាំ​ទីនោះ​។​

 

​លោកស្រី​រំលឹកថា ពេល​ចេញពី​កំពង់ចាម ជាមួយ​កូន​បីនាក់ រូបគាត់​មាន​លុយ​ក្នុង​ខ្លួន ៧​ពាន់​រៀល ចាន​៤ ស្លាបព្រា​៤ ឆ្នាំង​២ និង​អង្ករ ៥​គីឡូ ព្រមទាំង​មុង​ភួយ​មួយ​សម្រាប់​។ រូបគាត់​ពកូន​ស្រី​ពៅ​អាយុ ៦​ឆ្នាំ កូនប្រុស​អាយុ ១៣​ឆ្នាំ ជា​អ្នក​លី​មុង​ភួយ និង​កន្ទេល ហើយ​រើស​អេតចាយ​ទុក​លក់​យក​ទិញ​ម្ហូប​តាមផ្លូវ កូនប្រុស​អាយុ ១០​ឆ្នាំ ជា​អ្នក​ទូល​អង្ករ​។ ស្ត្រី​រូបនេះ បញ្ជាក់ថា គាត់​ធ្លាប់​សុំ​ឡាន​គេ​ជិះ​មក​ភ្នំពេញ ដែរ តែ​គេ​មិន​ឲ្យ​ជិះ​ទេ ព្រោះតែ​គាត់​មិនមាន​លុយ​។​

 

​នៅ​ខេត្តកំពង់ចាម គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះឆ្នោត ដោយ​ទទួលបាន​អាសនៈ​សភា​ចំនួន ១០​កៅអី ទល់នឹង​គណបក្សកាន់អំណាច​ដែល​ឈ្នះឆ្នោត ៨​កៅអី បើទោះបីជា​ថ្នាក់ដឹកនាំ​ធំៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈរ​ជា​អ្នកតំណាងរាស្ត្រ​នៅ​ខេត្ត​នេះដែរ​ក៏ដោយ​។​

 

​អង្គុយ​មើល អ្នកកាសែត​សម្ភាស លោកស្រី សៅ ពៅ តាំងពី​ចាប់ផ្ដើម​នោះ បាតុករ​ម្នាក់ ឈ្មោះ សុក មាស ដែល​រស់នៅ​ស្រុក​កំពង់សៀម ខេ​ត្ត​កំ​ព​ង់​ចាមឲ្យ​ដឹងថា ពួកគាត់​មិន​ចូលចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារតែ​បញ្ហា​រំលោភបំពាន​ដីធ្លី និង​អន្តោប្រវេសន៍​វៀតណាម ខុសច្បាប់​។ លោក​បញ្ជាក់ថា រូបគាត់​ពិតជា​មានកា​រ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ នៅពេលដែល​បានដឹងថា មាន​អ្នកស្រុក​របស់គាត់​ដើរមក​ធ្វើបាតុកម្ម​តាំងពី​កំពង់ចាម ដល់​ភ្នំពេញ ហើយ​ទង្វើ​នេះ​ពិតជា​មិន​សរសើរ​មិន​បានទេ​។​

 

​ទាក់ទង​នឹង បញ្ហា​នេះ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍ លោក មឿ​ន តុលា ដែល​តាមដាន​កិច្ចសម្ភាសន៍​របស់​ស្ត្រី សៅ ពៅ និង​អ្នកកាសែត​នោះ យល់ថា ករណី​ស្ត្រី​ដើរ​ថ្មើរជើង​មក​ធ្វើបាតុកម្ម​នេះ ជា​ករណី​ត្រូវតែ​សិក្សា​។ លោក​បន្តថា ស្ត្រី​រូបនេះ​រងគ្រោះ​ដោយសារ​បញ្ហា​គ្រួសារ​ផង និង​ដោយសារ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ ដែល​បង្ក​ផល​លំបាក​សម្រាប់​ពលរដ្ឋ​ទូទៅ​ផង​។ លោក​យល់ថា រឿងរ៉ាវ​របស់​ស្ត្រី​រើស​អេតចាយ​រូបនេះ ពិតជា​គួរ​ឲ្យ​អាណិត ប៉ុន្តែ​រឿងនេះ​អាចជា​គំរូ​សម្រាប់​ពលរដ្ឋ​ទូទៅ​យកទៅ​ត្រិះរិះ​ពិចារណា​។​

 

​នៅល្ងាច​ថ្ងៃទី​២៤ ខែតុលា កូនប្រុស​ទាំងពីរ​រប​ស់​ស្ត្រី សៅ ពៅ មិន​ទំនេរ​ឡើយ​។ ពួកគេ​ដើរ​រើស​ដប​ទឹក​សុទ្ធ ដើម្បី​ប្រមូល​ទុក​លក់​យកលុយ​ធ្វើ​សោ​ហ៊ុយ​ជិះឡាន​ត្រឡប់​ទៅ​កំពង់ចាម វិញ​។ ចំណែក​លោកស្រី សៅ ពៅ និង​កូនស្រី​អាយុ ៦​ឆ្នាំ​វិញ ឈរ​ចាំ​ទះដៃ​ស្រែក​ហ៊ោកញ្ជ្រៀវ​តាម​សំឡេង​ក្រុមបាតុករ​ដទៃទៀត ដែល​ឡើង​ថ្លែង​ពី​បញ្ហា​នានា​នៅ​ចំពោះមុខ​មេដឹកនាំ​បក្សប្រឆាំង​។ ពេល​ឃើញ លោក កឹម សុខា និង លោក សម រ​ង្ស៉ី ឡើង​និយាយ​ទៅកាន់​ក្រុមបាតុករ លោកស្រី សៅ ពៅ ញញឹម​បិទមាត់​មិន​ជិត​ឡើយ​។​

 

​ស្ត្រី​បាតុករ​រូបនេះ បញ្ជាក់ថា រូបគាត់​ពេញចិត្ត​មេដឹកនាំ​បក្សប្រឆាំង ដោយសារ​បាតដៃ​បុគ្គល​ទាំងពីរ​មិន​ប្រឡាក់​ឈាម​ខ្មែរ​។ ហើយ​មេបក្ស​ប្រឆាំង​ល្បី​ខាង​ស្អាតស្អំ មិន​ពុករលួយ​។ លោកស្រី​បន្ថែមថា ពេល​ចប់​បាតុកម្ម បើ​លក់​ដប​ទឹក​មិនបាន​គ្រប់​លុយ​ជិះឡាន​ទៅផ្ទះ​វិញ​ទេនោះ រូបគាត់​នឹង​សុំ​ឡាន​បាតុករ​ផ្សេងទៀត​ជិះ​ត្រឡប់ទៅផ្ទះ​វិញ​។ តែ​គាត់​នឹង​មក​ទីលាន​ប្រជាធិបតេយ្យ​នៅ​លើក​ក្រោយៗ​ទៀត បើសិនណា​បក្សប្រឆាំង​នៅតែ​ធ្វើបាតុកម្ម​នោះ៕

 

Leave a Reply

(*) Required, Your email will not be published