រថយន្ត​ថៅកែ​ឈើ​ក្រញូង​ដុះ​ស្លែ​នៅ​ឃុំ​ដារ បុក​គោយន្ត​ដាច់​ជា ​២ ​កំណាត់​របួសធ្ងន់​ពីរ​នាក់​

, , Leave a comment

​ខេត្តកំពង់ចាម ៖ កាលពី​វេលា​ម៉ោង ៤ និង ១០ នាទី រសៀល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ ២០១៣ ស្ថិតនៅ​ភូមិ​ចំការ​គ ឃុំ​ដារ ស្រុក​មេមត់​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ករ​ឡើង​ដោយ​អ្នកបើកបរ​​រថយន្ត​ម៉ាក​ធុន​ដ្រា ១ គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2C-6966 បាន​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​ទៅបុក​អ្នកជិះ​ម៉ូតូ​និង​បុក​គោយន្ត​កន្ត្រៃ​១​គ្រឿង​ពី​ខាងក្រោយ​យ៉ាង​ពេញទំហឹង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៧ បណ្តាល​ឲ្យ​គោយន្ត​ដាច់​ជា​ពីរ​កំណាត់ អ្នកបើកបរ​គោយន្ត​រងរបួស​ធ្ងន់ធ្ង​រ​មិន​សង្ឃឹម​រស់​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម និង​អ្នកជិះ​ម៉ូតូ​ពីក្រោយ​គោយន្ត រងរបួស​ស្រាល​។​

 

​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ពេលមុន​កើតហេតុ​គោយន្ត​បាន​បើក​ចេញពី​ទិស​ខាងលិច​មក​កើត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ និង​មាន​អ្នកជិះ​ម៉ូតូ​ម្នាក់​ពីក្រោយ​គោយន្ត ស្របពេល​បើក​មកដល់​ភូមិ​ចំការ​គ លុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ធុន​ដ្រា ត្រូវបាន​គេ​អះអាងថា ជា​របស់​យាយ​ក្តាម ជា​ឈ្មួញ​ដ៏​ល្បីល្បាញ​ម្នាក់ និង​ខ្លះ​ទៀតថា ជា​របស់​កូន​យាយ​ម្នាក់នេះ ត្រូវបាន​បុរស​ម្នាក់​ឈ្មោះ ប៉ោង ត្រូវជា​កូនចៅ​របស់​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​ជួប ភិ​រុណ ហៅ លាភ  ទំនង​បាន​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណាមួយ​ក្នុងស្រុក​មេមត់ រហូតដល់​ស្រវឹង​ដាប បើក​ចេញពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន លុះ​មកដល់​កន្លែងកើតហេតុ​ក៏បាន​ទៅបុក​គោយន្ត​ពីក្រោយ​យ៉ាង​ពេញ​រួច​បន្ត​ទៅបុក​ចូល ចំការ​ម្រេច​នៅ​ជិត​ទីនោះ​បណ្តាលអោយ​បាក់បែក​ខ្ទេចខ្ទី​តែម្តង​។​

 

​អ្នកបើក​គោយន្ត​ដែល​រងគ្រោះ​ឈ្មោះ អ៊ាង ប៊​ន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​មេមត់ ស្រុក​មេមត់ បាន​ផ្លោង​ចេញពី​គោយន្ត រងរបួស​ធ្ងន់ធ្ងរ​រ​ហូត​សន្លប់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ដារ ហើយ​បច្ចុប្បន្ន​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​និង​អ្នកជិះ​ម៉ូតូ​ពីក្រោយ​គោយន្ត រងរបួស​ស្រាល​។​

 

​សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ទៀតថា រថយន្ត​ធុន​ដ្រា​ក្រោយពី​បាន​បើក​បុក​គោយន្ត អ្នកបើកបរ​ឈ្មោះ ប៉ោង បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ បាន​រង​ការខូចខាត​ជា​ដំណំ​។ ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ បុរស​អ្នកបើក​គោយន្ត​ត្រូវបាន​ក្រុម​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​ជាបន្ទាន់​នៅ​ប្រទេស​វៀតណាម​។  ចំណែក​វត្ថុតាង​ទាំងពីរ​ត្រូវបាន​ស្ទូច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ដោះស្រាយ​តាមច្បាប់​។​ដោយឡែក​នៅពេល​ភ្នាក់ងារ​កំណើត​ថ្មី​ចុះ​ទៅយក​ព័ត៌មាន និង​ថតរូប​រថយន្ត​បង្ករ​​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ គឺមាន​មន្ត្រី​ប៉ូលីស​ដែលជា​កូនចៅ​លោក អែម កុសល អធិការ​ស្រុក​មេមត់​រារាំង​ហាម​មិន​ឲ្យ ថតរូប​រថយន្ត​បង្ករ​នោះទេ និង​លាក់លៀម​ព័ត៌មាន​គ្រោះថ្នាក់​នេះ​ទំនង​ដូចជា​មាន​អា​ថ៏​កំបាំង​អ្វីមួយ​។​

 

​មកដល់ពេលនេះ​គេ​នៅ​មិនទាន់​ដឹងថា តើ​មាន​ឈ្មួញ​ណាមួយ​ចេញមុខ​មក​ដោះស្រាយ​ជាមួយនឹង​គ្រួសារ​ជនរងគ្រោះ​នៅឡើយ​ទេ​៕

hgg (1) hgg (2)

​កន្លែង​ឡាន​ថៅកែ​ឈ្មួញ​ជួញ​ឈើ​ដុះ​ស្លែ បុក​គោយន្ត​ដាច់​ជា ២​កំណាត់​របួសធ្ងន់​ពីរ​នាក់​និង​ខ្ទេច​ចម្ការ​ម្រេច​


 

Leave a Reply

(*) Required, Your email will not be published