រាជធានីភ្នំពេញ ៖ ជាបទចម្រៀងមួយប្រភេទដែលយើងទាំងអស់គ្នាភាគច្រើនបានស្តាប់ និងអ្នកខ្លះធ្លាប់បានច្រៀងទៀតផង ។ បទនេះជាស្នាព្រះហស្ថរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត(១៨៨៣ – ១៩៦៩) ។ ជាធម្មតាបទនេះត្រូវបានចាក់ផ្សាយនៅតាមវិទ្យុពេលព្រឹកៗ ក៏ដោយជាត្រូវបានសិស្សានុសិស្សច្រៀងយ៉ាងទ្រហឹងអឺងកងលាន់ឮសូរយ៉ាងពិរោះរណ្តំពេញទីធ្លាសាលានៅពេលគោរពទង់ជាតិ ។
មានលក្ខណៈជាតិនិយមដោយបានទូន្មានយើងគ្រប់គ្នាឲ្យយល់ដឹងពីសាវតារ និងវប្បធម៌ដ៏រុងរឿងរបស់យើង កាលពីសម័យមហានគរដែលបានផ្សព្វផ្សាយរហូតដល់ចុងបូព៌ា។ បទនេះក៏បង្កប់មនោសញ្ចេតនាស្នេហាជាតិ បណ្តុះគំនិតជាតិនិយម និងបង្ហាញពីមោទកភាពដែលបានកើតមកជាកូនខ្មែររស់នៅលើទឹកដីអាណាចក្រខ្មែរ ។ ជាងនេះទៅទៀតបទចម្រៀងនេះក៏បានដាស់សតិកូនខ្មែរគ្រប់រូបឲ្យងើបឡើងតាំងចិត្តឲ្យមុតមាំ ដើម្បីថែរក្សា និងលើកតម្កើងវប្បធម៌ជាតិខ្លួនឲ្យរុងរឿងដូចសម័យមហានគរ។
បទពង្សាវតារខ្មែរ
១. ខ្មែរអើយ ចូរចាំជាក់ថាតាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿងគេឯង តែងលើកតម្កើង តម្កល់ជាតិយើងចាត់ទុកឡើងជាជាតិច្បង ។
២. អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ាសាសនាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សាតន្ត្រីទស្សនវិជ្ជា ព្រះពុទ្ធសាសនាជាគោលការណ៍ខ្មែរផ្សាយទៅ ។
៣. ខ្មែរអើយ ចូរស្ដាប់សាវតារ ដែលបានចរចា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើងតាំងចិត្តឲ្យមាំ ខិតខំប្រឹងវេញ បញ្ចេញតម្កើងតម្លៃនៃជាតិខ្មែរយើង ឲ្យបានរុងរឿងជាថ្មីឡើងតាមសាវតារ ។