ខេត្តតាកែវ ៖ ឃាតកម្មដ៏សាហាវព្រៃផ្សៃមួយដែលសម្លាប់វាយសម្លាប់លោកតាអាចារ្យ វត្តភ្នំជីសូរ ប្លន់យកទ្រព្យសម្បត្តិ កាលពីថ្ងៃទី ២៣ តុលា ២០១៣នោះ ទីបំផុតឃាតករត្រូវបានសមត្ថកិច្ចវែកមុខចាប់បានហើយកាលពីវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី២៤ តុលា ២០១៣ នៅភូមិកញ្ចាញ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ រួមទាំងវត្ថុតាងមួយចំនួនទៀតផង។
លោកអធិការនគរបាលស្រុកសំរោង បានឱ្យដឹងថា ជនសង្ស័យជាមនុស្ស.គ ឈ្មោះ សួស សុក ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ត្រូវសមត្ថកិច្ចដកហូតវត្ថុតាង រួមមានកូនកាំបិត១ អាវប្រឡាក់ឈាម១ ស្បែកជើង១គូ ដែលម្ខាងលេខ៩ និងម្ខាងទៀតលេខ១០ ត្រូវនគរបាលបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
គួររំលឹកថា សាកសពជនរងគ្រោះត្រូវបានគេប្រទះឃើញកាលពីយប់ឈានចូលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៣ នៅខាងជើង វិហារវត្ដភ្នំជីសូរ ស្ថិតក្នុងឃុំរវៀង ស្រុក សំរោង ខេត្ដតាកែវ ។ ហើយនៅមុនពេលកើតហេតុ ល្ងាចថ្ងៃទី២២ តុលាជនរងគ្រោះបានឡើងទៅលើភ្នំ ដើម្បីសំណាក់ធម៌ដូចសព្វមួយដង ហើយ នៅក្នុងខ្លួនរបស់ជនរងគ្រោះគាត់មាន ពាក់ចិញ្ចៀន១វង់ទម្ងន់២ជី និងលុយ៤០ ម៉ឺនរៀលព្រមទាំងទូរស័ព្ទ១គ្រឿងផង ។ នគរបាលស្រុកសំរោងបន្ដទៀតថា នៅពេលព្រលឹមស្រាងៗបងប្អូនកូនចៅជន រងគ្រោះដោយសារបាត់ជនរងគ្រោះយូរ មិនឃើញមកផ្ទះក៏នាំគ្នាទៅរកនៅកន្លែង សំណាក់ធម៌ តែពុំឃើញជនរងគ្រោះនោះ ទេ ។ ដោយមានការសង្ស័យក្រុមគ្រួសារ ជនរងគ្រោះក៏បាននាំគ្នាដើររកបន្ដ ស្រាប់តែមានឃើញស្នាមដីនៅខាងជើង ព្រះវិហារលើកំពូលភ្នំជីសូរក៏នាំគ្នាកាយ មើលទើបឃើញសាកសពជនរងគ្រោះ ធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្ដង ៕