រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពេលដែលបានទទួលពាក្យបណ្តឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូ ។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៥ និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ នៅក្នុងផ្ទះសំណាក់រុងរឿងឋិតនៅតាមបណ្ដោយផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ កែវ សម្បត្ដិ ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ។ ចំណែកម៉ូតូដែលជនសង្ស័យយកមកបញ្ចាំងម៉ាកស្គូពីស៊េរីឆ្នាំ២០១៤ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CB-5779 ជារបស់ឈ្មោះ អួង សាវឿន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ។
តាមសម្ដីម្ចាស់ម៉ូតូនិយាយថា នៅមុនពេលកើតហេតុរូបគាត់បានទៅចូលរួមពិធីខួបកំណើតបងប្អូន ដោយបានចាក់សោម៉ូតូទុកនៅផ្ទះ ។ នៅពេលត្រឡប់មកវិញក៏ត្រូវប្អូនប្រុសរបស់ខ្លួនឈ្មោះ អាតោ បានគាស់ទូរលួចយកសោម៉ូតូជិះចេញពីផ្ទះទៅជួបមិត្ដភក្ដិរបស់គេឈ្មោះ កែវ សម្បត្ដិ និងឈ្មោះ ឃីម ហើយបានឱ្យឈ្មោះ សម្បត្ដិ យកកុងទ័រម៉ូតូបញ្ចាំបានប្រាក់៤០ដុល្លារ ដើរស៊ីផឹកអស់ប្រាក់នោះបន្ទាប់មកក៏ទៅដេក និងដាក់បញ្ចាំម៉ូតូនៅផ្ទះសំណាក់រុងរឿង ។
ប្រភពបានបន្ដថា ដោយរូបគាត់ត្រឡប់មកខួបកំណើតបងប្អូនវិញមិនឃើញម៉ូតូបានដើររក ក៏ឃើញម៉ូតូនៅក្នុងផ្ទះសំណាក់រុងរឿង ពេលនោះក៏បានប្ដឹងនគរបាលខណ្ឌ។ លុះព្រឹកឡើងឃើញឈ្មោះ សម្បត្ដិ យកម៉ូតូក៏ត្រូវនគរបាលឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្ដ។ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញហើយ៕