អង្គការអវកាសរុស្ស៊ីបានប្រកាសឱ្យដឹងថា កាំជ្រួចមីស៊ីល Proton M បាននាំផ្កាយរណបទូរគមនាគមន៍របស់អាមេរិកឡើងទៅតារាវិថីផែនដីកាលពីថ្ងៃ ទី២០ ខែតុលា ដោយបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Baikonur របស់រុស្ស៊ី។
អ្នកនាំពាក្យអង្គការអវកាសរុស្ស៊ីបានប្រកាសឱ្យដឹងថា កាំជ្រួចមីស៊ីល Proton M បាននាំផ្កាយរណប Sirius FM-6 របស់អាមេរិកប្រកបដោយជោគជ័យដោយប្រព័ន្ធផ្កាយរណបបានផ្ដាច់ចេញពីមីស៊ីលនៅព្រឹកថ្ងៃទី២១ ខែតុលា ម៉ោងនៅទីក្រុងមូស្គូ ។ នេះជាលើកទី២ហើយដែលកាំជ្រួចមីស៊ីល Proton បាននាំផ្កាយរណបឡើងទៅតារាវិថីផែនដីដោយជោគជ័យបន្ទាប់ពីទទួលបរាជ័យកាលពីខែកក្កដា ពេលនោះបាននាំផ្កាយរណបចំនួន ៣ ប៉ុន្ដែឆាបឆេះក្រោយប៉ុន្មានវិនាទីចាកចេញពីជើងទម្រ ។
ក្នុងការបាញ់បង្ហោះលើកទី១ នាថ្ងៃទី ៣០ ខែកញ្ញា ក្រោយរយៈពេល៣ខែបានផ្អាកមីស៊ីល Proton M បាននាំផ្កាយ រណប Astra 2E ផលិតនៅប្រទេសបារាំងប្រកបដោយជោគជ័យ ។ មីស៊ីលProton M ជាសមិទ្ធផលរបស់មជ្ឈមណ្ឌលអវកាសរុស្ស៊ីដោយ កន្លងមកមីស៊ីលនោះបានបាញ់បង្ហោះរហូតដល់៣៨៩ដើម នាំផ្កាយរណប ឡើងអវកាសតាំងពីឆ្នាំ១៩៦៥ ប៉ុន្ដែមាន ២៣ លើកមិនទទួលបានជោគជ័យ ៕