ខេត្តបាត់ដំបង ៖ អ្នកប្រើប្រាស់គ្រឿង ៣ នាក់ ថែមទាំងជាអ្នកចែកចាយផងនោះ ត្រូវកម្លាំងសមត្ថកិច្ច ពេលដែលពួកគេបានយកម៉ូតូសាច់ញាតិបញ្ចាំ ដើម្បីយកលុយទៅទិញថ្នាំមកប្រើ ។ការឃាត់ខ្លួននេះកាលពីម៉ោង១៨ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួលភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមការឲ្យដឹងរបស់សមត្ថកិច្ចមូលដ្ឋបានបង្ហាញថា ជនសង្ស័យ៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ១-ស សុធី អាយុ២៩ឆ្នាំ រស់នៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង, ២- ជួប ត្រា អាយុ៣៧ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិកើតហេតុ និង៣- ភាព វីរៈ ហៅពោយ អាយុ៣៣ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង រួមនឹង វត្ថុតាងថ្នាំញៀន ប្រភេទម៉ាទឹកកក៤ថង់តូច។
តាមចម្លើយសារភាពរបស់ឈ្មោះ ជួប ត្រា បានសារភាពថា ខ្លួនធ្លាប់ ប្រើប្រាស់យូរមកហើយ ក្រោយមកក៏ស្គាល់នគរបាលម្នាក់រហស្សនាម ២៣ នៅស្នងការរដ្ឋាននគរបាលខេត្ត ។ នៅរសៀលថ្ងៃទី២២ ខែតុលាខ្លួនក៏បានទិញថ្នាំញៀនពីនគរបាលខាងលើ ចំនួន១ថង់មករំលែកបាន៤ថង់តូចយកលក់បន្ត ស្រាប់តែត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនតែម្តង។ ចំណែកឈ្មោះ ស សុធី បានសារភាពថា ខ្លួនបានយកម៉ូតូសាច់ញាតិទៅបញ្ចាំដើម្បីទិញថ្នាំញៀនប្រើប្រាស់ ហើយនៅម៉ោង១៨ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ ខ្លួននិងឈ្មោះ ភាព វីរៈ នាំគ្នាទៅលួសយកម៉ូតូពីឈ្មោះជួប ត្រា វិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ម៉ូតូចំនួន២គ្រឿងបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមជាសាច់ញាតិជនសង្ស័យវិញ ដោយសារសាច់ញាតិទាំងនោះយំសោកខ្លាំងពេក ហើយមិនដឹងថាកូនចៅប្រព្រឹត្តអំពើខុសឆ្គងដែរ ។ ចំណែកបុរសសង្ស័យទាំង៣នាក់និងថ្នាំញៀន៤ថង់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕