ខេត្តឧត្តរមានជ័យ-សៀមរាប ៖ ក្រុមហ៊ុនឯកជនមួយឈ្មោះ សុខសំណាង ដែលបានទទួលសិទ្ធបន្តពីក្រុមហ៊ុនដាតារ៉ាប់ប៊ើ និងក្រុមហ៊ុនទំរីងរ៉ាប់ប៊ើ កំពុងតែសប្បាយចិត្តទៅនឹងការកាប់បំផ្លាញព្រៃឈើក្នុងបរិវេណក្រុមហ៊ុន និងក្រៅក្រុមហ៊ុន ព្រមទាំងផ្ទុកចំនួនឈើលើរថយន្តដឹកជញ្ជូនលក់បំផ្លាញ ផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ ផ្គើនទៅនឹងបទបញ្ជាររបស់សម្ដេចតេជោ ហ៊ុនសែន យ៉ាងច្បាស់ក្រឡែតដែលសម្ដេចបានប្រកាសប្រមានខ្លាំងៗ កាលពីថ្ងៃទី ២២ កុម្ភៈ ឆ្នាំ២០១៣ នៅក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០១២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃ ។
តាមប្រភពច្បាស់ការណ៍បាននិយាយថាក្រុមហ៊ុន សុខសំណាង ពុំមានអាជ្ញាប័ណ្ណប្រគល់ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីវិនិយោគផ្នែកវិស័យកសិកម្ម និងឧស្សាហកម្មដំណាំកៅស៊ូនោះទេគឺបានទទួលបន្តកិច្ចសន្យាពីក្រុមហ៊ុនដាតារ៉ាប់ប៊ើ និងទំរីងរ៉ាប់ប៊ើដែល មានទីតាំងនៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ តែប៉ុណ្ណោះ ដែលបានសិទ្ធិស្របច្បាប់ពីប្រមុខរាជរដ្ឋាភិបាលក្នុងការប្រមូលផលព្រៃឈើ និងអនុផលព្រៃឈើ ។ ក៏ប៉ុន្តែក្រោយពីក្រុមហ៊ុនសុខសំណាង បានលិខិតកិច្ចសន្យាពីក្រុមហ៊ុនទាំងពីខាងលើ រួចមកក្រុមហ៊ុន សុខសំណាង ក៏បានដៃចាប់ផ្ដើមសម្រុកកាប់បំផ្លាញព្រៃឈើ និងប្រមូលទិញឈើក្រៅបរិវេណក្រុមហ៊ុនដូចជា ឈើលេខ១ ឈើលេខ២ និងឈើគ្រញូងដែលជាដើមហេតុនាំឲ្យប្រជាពលរដ្ឋខ្មែឡើងទៅលួចកាប់ឈើនៅក្នុងទឹកដីថៃធ្វើឲ្យទាហានថៃបាញ់សម្លាប់ផងដែរ ។
ប្រភពបន្តថាក្រៅពីក្រុមហ៊ុន សុខសំណាង មានរឿងអាស្រូវជាច្រើនពាក់ព័ន្ធទៅនឹងមុខរបជំនួញឈើស្របច្បាប់ និងមិនស្របច្បាប់ នោះក៏ក្រុមហ៊ុនធ្វើនំឥតម្សៅមួយនេះនៅមានរឿងអាស្រូវជាហូរហែទៀតគឺបានប្រមូលទិញឈើដោយខុសច្បាប់ពីខាងក្រៅក្រុមហ៊ុនដឹកជញ្ជូនចែកចាយលក់នៅតាមបណ្ដាខេត្តក្រុងមួយចំនួនដូចជា ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង និងខេត្តមួយចំនួនទៀត ។ ក្នុងនោះដែរក្រុមហ៊ុនសុខសំណាង ក៏បានផ្ទុកនូវចំនួនឈើលើរថយន្តមាប្រហែល ៥០ ទៅ៦០ ម៉ែត្រគូប ដែលជាចំនួនឈើច្រើនសន្ធឹកសន្ធាប់ដែលគេអាចចាត់ទុកបានថាដឹកលើសទម្ងន់នាំឲ្យខូចផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ ។
មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់បានធ្វើការអះអាងថា ផ្លូវជាតិ និងផ្លូវលំជាច្រើនខ្សែបានទទួលរងការបាក់ស្រុតខូចខាតយ៉ាងដំណំដោយសារក្រុមហ៊ុនសុខសំណាង ដឹកឈើលើសទម្ងន់លក់ក្នុងនោះដូចជាផ្លូវពីស្រុកត្រពាំងប្រាសាទ ទៅខេត្តឧត្តរមានជ័យ-បន្ទាយមានជ័យ ពីខេត្តបាត់ដំបងឆ្ពោះទៅខេត្តសៀមរាប-កំពង់ធំ និងពីខេត្តកំពង់ចាមទៅកាន់ខេត្តព្រៃវែង-ស្វាយរៀង បានរងការខូចជាច្រើនកន្លែងព្រោះតែក្រុមហ៊ុនសុខសំណាង ដឹកជញ្ជូនឈើលក់គ្មានមេត្តាអាណិតផ្លូវដែលធ្វើឲ្យរដ្ឋខាតបង់ប្រាក់រាប់សិបលានក្នុងការស្ដា និងជួសជុលផ្លូវឡើងវិញ ។
មន្ត្រីដដែលបានបន្តទៀតថាដូចជាផ្លូវចេញពីក្រុមហ៊ុនក្នុងស្រុកត្រពាំងប្រាសាទ មកកាន់ខេត្តសៀមរាបដោយឆ្លងកាត់ស្រុកស្វាយលើ និងផ្លូវលេខ៦៧ ផ្លូវបំបែកចេញពីចំណុចស្រែណូយ ទៅស្រុកវ៉ារិនអង្គជុំ ដែលជាផ្លូវលំក្រាលគ្រួសក្រហមក៏ទទួលបាក់ស្រុតខូចខ្ទេចខ្ទីស្ទើទាំងស្រុងផងដែរដោយតែក្រុមហ៊ុនសុខសំណាងបំផ្លិចបំផ្លាញ ។ ក្រុមអ្នកជំនាញព្រៃឈើបានធ្វើការអះអាងថា ក្រុមហ៊ុនឯកជនសុខសំណាង មិនត្រឹមតែដឹកឈើលើសចំណុះបំផ្លាញផ្លូវថ្នល់ជាតិតែប៉ុណ្ណោះទេថែមទាំងបានឃុបឃិតគ្នារជាមួយជំនាញរដ្ឋបាលព្រៃឈើធ្វើប៉េសេបន្លំភ្នែករដ្ឋទៀតផងដោយគេធ្វើប៉េសេដឹកឈើមានចំនួន ២៨ ទៅ ៣០ ម៉ែត្រគូបតែពួកឈ្មួញក្រុមហ៊ុនបានផ្ទុកចំនួនឈើរហូតដល់ ៥០ ទៅ ៦០ ម៉ែត្រគូបឯណោះហើយពេលខ្លះគេមានច្បាប់តែមួយឡានគេដឹកពីឡានទៅបីឡានដោយបានប្រើប្រាស់នូវរថយន្តសុទ្ធតែប្រភេទយីឌុបហៅរថយន្តយក្ស។ដូច្នេះរដ្ឋមិនត្រឹមតែអស់ព្រៃឈើតែមួយមុខប៉ុណ្ណោះទេគឺរដ្ឋបានបាត់បង់ប្រាក់រាប់សែនម៉ឺនដុល្លាព្រោះតែក្រុមហ៊ុនមួយនេះដឹកឈើច្បាប់អត់គ្រប់គ្រាន់ហើយបំផ្លាញផ្លូវជាតិទៀតផងដែលជារឿងមួយដ៏រសើបបំផុត៕