ខេត្តសៀមរាប ៖ សកម្មភាពបទល្មើនេសាទដោយខុសច្បាប់នៅផ្នែកជលផលដំដែក ខណ្ឌសៀមរាបកំពុងតែកើតមានយ៉ាងអនាធិបតេយ្យដោយសារមន្ត្រីជលផលបានឃុបខិតគ្នារបើកដៃឲ្យក្រុមឈ្មួញធ្វើការនេសាទទាំងយប់ទាំងថ្ងៃមិនមានការបង្ក្រាបនោះឡើយ។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកជីគ្រែង និងស្រុកសូទ្រនិគម របស់ខេត្តសៀមរាបបានឲ្យដឹងថា មានក្រុមឈ្មួញជាច្រើនបានធ្វើការនេសាទដោយល្មើសច្បាប់ជលផលហាមឃាត់នៅតំបន់មាត់ខ្លាក្នុងសង្កាត់អន្លង់សំណរ ស្រុកជីគ្រែង ដែលគ្រប់គ្រងដោយលោក យឹម ស៊ីវ័ន ជានាយសង្កាត់ និងសង្កាត់កំពង់ឃ្លាំងស្រុកសូទ្រនិគម ដែលគ្រប់គ្រងដោយលោក ហោ ឡា ជានាយសង្កាត់។
ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមឈ្មួញនេសាទដោយខុសច្បាប់នេះភាគច្រើនជាជនជាតិវៀតណាមដែលមានឈ្មោះ ចាំង និងឈ្មោះសេង ហុង ជាអ្នកកាងបានប្រកបមុខរបល្មើសច្បាប់ជលផលនេះរាប់សិបឆ្នាំមកហើយមិនដែលឃើញមន្ត្រីជំនាញជលផលធ្វើការបង្ក្រាបម្ដងណាឡើយធ្វើឲ្យក្រុមឈ្មួញទាំងនោះកាន់តែធ្វើសកម្មភាពខ្លាំងឡើងៗ។
ប្រភពដដែលបានបញ្ជាក់ថាបទល្មើសនេសាទនៅតំបន់ខាងលើនោះ គឺមានឆ្នុករាប់ពាន់ឆ្នុក.សាចអួនក្រឡាញឹករាប់ពាន់ម៉ែត្រ និងឆក់ត្រីរាប់រយទូករួមជាមួយការចិញ្ចឹត្រីឆ្ដោរាប់រយស្រះផងដែរ។ បើទោះបីជារដូវនេះជារដូវបិទនេសាទយ៉ាងណាក៍ដោយក៍ឈ្មួញនៅតែបន្តសកម្មភាពដដែល ព្រោះក្រុមនេសាទទាំងនោះបានបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ទអស់ហើយទើបមន្ត្រីជលផលមិនមានវិធានការទប់ស្កាត់។
លោក ហោឡា នាយសង្កាត់រដ្ឋបាលជលផលកំពង់ឃ្លាំងបានប្រាប់ថាជាប់រវល់នៅតុលាការមិនធ្វើការបំភ្លឺជុំវិញនូវព័ត៌មានបទល្មើសដែលកើតមានក្នុងដែនរបស់ខ្លួននេះទេ។ លោក រឹម សំអុន នាយផ្នែកដំដែកមិនអាចទាក់ទង់បំភ្លឺបានទេកាលពីម្សិលមិញដោយទូរស័ព្ទនៅក្រៅតំបន់សេវា៕