រាជធានីភ្នំពេញ ៖ ក្រោយពីសារព័ត៌មានលេចឮជាបន្តបន្ទាប់ទាំងកាសែត គេហទំព័រ រួមទាំងបណ្តាញសង្គមហ្វេសប៊ុកអំពីបញ្ហាដែល តារាចម្រៀង ពេជ្រ សោភា រួចមក ។ ថ្មីៗនេះក្រោយពីរងការរិះគន់យ៉ាងធ្ងន់ៗ អមជាមួយពាក្យសំដីបែបអសីលធម៌ពីបុរសម្នាក់ប្រើហ្វេសប៊ុកផ្ទាល់ខ្លួន ថា ពេជ្រ សោភា រៀនបានទាបមិនចប់បធ្យមសិក្សា និងងមិនមានសមត្ថភាពគ្រប់គ្រងថវិកា អាចជាប់គុក ជុំវិញការបង្កើតមូលនិធិជួយជនរងគ្រោះទឹកជំនន់នោះ ក៏មានលេចចេញនូវព័ត៌មានដ៏ភ្ញាក់ផ្អើលមួយទៀតថា ពេជ្រ សោភា បង្កើតមូលនិធិនេះ ប្រមូលប្រាក់ជួយបងប្អូនបក្សសង្គ្រោះជាតិផងដែរ។
បញ្ហានេះតារាចម្រៀងរូបនេះបានរៀបរាបទាំងទឹកភ្នែកថា ខ្ញុំជាអ្នកចម្រៀង បើទោះជាបក្សណាជាប់ក៏ខ្ញុំនៅតែជាអ្នកចម្រៀងដែរ។ ទាំងទឹកភ្នែកទឹកសំបោហូរនោះនាង ពេជ្រ សោភា សារភាពថា ខ្ញុំមិនមែនជាអ្នកលេងនយោបាយទេ អ្វីដែលខ្ញុំធ្វើដោយសារតែខ្លួនឯងធ្លាប់ជួបបែបនេះ ជួបប្រទះរស់ជាតិបែបហ្នឹង ទើបដឹងថាវាពិបាកយ៉ាងម៉េច។ គ្រាន់តែចង់ជួយខ្មែរ ជួបប្រទះទឹកជំនន់បន្តិចបន្តួចក៏ខុសដែរមែន! ខ្ញុំជាអ្នកចម្រៀង ហើយខ្ញុំក៏ជាមនុស្សស្រីទៀត គ្មានអ្វីអាចជួយបានច្រើនទេ ក្រៅពីសំឡេង ស្រែកសុំឲ្យជួយផង។
នៅក្នុងការរៀបរាប់របស់តារាចម្រៀងដែលមានកំណើតពីខេត្តព្រៃវែងរូបនេះហាក់បញ្ជាក់ច្បាស់ណាស់ថា ខ្លួននាងបារម្ភពីទីផ្សារអាជីពរបស់នាងព្រោះនាងមិនមែនជាអ្នករស់នៅខ្លួនមួយឡើយ នាងបានត្អួញត្អែរថា ខ្ញុំគ្រាន់តែបារម្ភ នៅពេលដែលឈ្មោះខ្ញុំអ៊ីចឹង អ្នកនេះគេថាខ្ញុំចូលបក្សនោះ អ្នកនោះគេថាខ្ញុំចូលបក្សនោះ អាចធ្វើឲ្យខ្ញុំគ្មានការងារធ្វើ បើខ្ញុំអត់មានការងារធ្វើ អ្នកណាចិញ្ចឹមឪពុកម្តាយខ្ញុំ ។
មុននេះមានការរិះគន់ពីការប្រកាសសុំប្រាក់ជួយអ្នករងគ្រោះដោយទឹកជំនន់ តែក្នុងវីដេអូនោះនាងក៏បញ្ជាក់ទៀតថា៖«អ្វីកំពុងតែធ្វើនេះ មិនមានពាក់ព័ន្ធ ជាមួយបក្ស ណាទាំងអស់ ដោយសារតែចិត្តខ្ញុំចង់ធ្វើ ខ្ញុំស្រឡាញ់ ខ្ញុំចង់ឃើញស្នាមញញឹមនៃអ្នកក្រ ក្រគឺវេទនា ណាស់យល់អត់ អ្នកក្រ។ គ្រប់ពេលខ្ញុំឡើងច្រៀង ខ្ញុំអរគុណគេច្រើនណាស់ ខ្ញុំនៅតែប្រើពាក្យថា សូមបងប្អូនទាំងអស់គ្នា ចំណាយទឹកប្រាក់របស់បងប្អូនត្រឹមតែ១ដុល្លារ សម្រាប់ជួយបងប្អូនខ្មែរជូបគ្រោះទឹកជំនន់ ខ្ញុំដើរកាន់ធុងសមួយ ដើរជួបគ្រប់តុ តែខ្ញុំសប្បាយចិត្តធ្វើ បងប្អូននៅទីនោះ គាត់មានចិត្តគាត់ជួយ។ តែចំណែកបងប្រុសបានត្រឹមតែរិះគន់ និយាយឥតប្រយោជន៍ជាខ្មែរដូចគ្នាជួយគ្នាទៅ។
នាងបញ្ជាក់ទៀតថា ខ្ញុំមិនបានធ្វើឲ្យអ្នកណាទេ ខ្ញុំធ្វើនេះ គឺចិត្តខ្ញុំស្រឡាញ់ហើយចង់ជួយ បងប្អូនទាំងអស់គ្នាត្រឹមតែបន្តិចបន្តូចតែប៉ុណ្ណោះ អ្វីដែលខ្ញុំធ្វើក៏គ្មានពាក់ព័ន្ធបក្សណាដែរ ។ ជាមួយអារម្មណ៍អួលអាក់បង្ហូរទឹកភ្នែកពីសហរដ្ឋអាមេរិក ពេជ្រ សោភា បាននិយាយយ៉ាងច្បាស់ថា នាងខ្ញុំទទួលប្រាក់បានជំនួយច្រើនគួរសម ក្នុងនេះក៏មានក្រដាស១ដុល្លារផងដែរ នាងខ្ញុំបញ្ជាក់ថា ខ្ញុំធ្វើដោយខ្លួនឯង ពេលខ្ញុំទៅដល់ស្រុកខ្មែរវិញ ខ្ញុំនឹងចុះជួយបងប្អូនជួបគ្រោះទឹកជំនន់ដោយផ្ទាល់៕