ការពន្យាពេលសវនាការកាត់ទោសលោក Hosni Mubarak បានកើតមានឡើងក្រោយពេលលមានកិច្ចប្រជុំបិទទ្វារយៈពេលបីថ្ងៃ ដែលតុលាការបានសាកសួរអតីតក្រុមមន្ត្រីសន្តិសុខកំពូលៗមួយចំនួន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរ មូលហេតុលើកពេលកាត់ទោសលោក Hosni Mubarak កូនប្រុសពីរនាក់របស់លោក Hosni Mubarak និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសអេហ្ស៊ីប ព្រមទាំងក្រុមមនុស្សជំនិតនឹងលោក Hosni Mubarak ៦នាក់ទៀត គឺដោយសារតែមានបណ្តឹងជាច្រើន ទាក់ទងនឹងបទឧក្រិដ្ឋ។
តុលាការប្រទេសអេហ្ស៊ីបបានសម្រេចពន្យាពេលសវនាការឧទ្ធណ៍លើករណីអតីតប្រធានាធិបតីអេហ្ស៊ីបលោក Hosni Mubarak រហូតទៅដល់ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ។
លោក Hosni Mubarak កាលពីឆ្នាំ២០១២កន្លងទៅ ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិត ពីបទបង្កអំពើហិង្សា និងសម្លាប់មនុស្ស។ ប៉ុន្តែអតីតប្រធានាធិបតីអេហ្ស៊ីប វ័យ៨៥ឆ្នាំរូបនេះបានប្តឹងឧទ្ធណ៍។ តុលាការបានបញ្ជាឲ្យលោក Hosni Mubarak ឃុំខ្លួនក្នុងផ្ទះ ខណៈកំពុងរង់ចាំថ្ងៃបើកសវនាការឧទ្ធណ៍។
លោក Hosni Mubarak ត្រូវរកឃើញថា បានបង្កឲ្យមានអំពើហិង្សានិងសម្លាប់ពួកបាតុករ អំឡុងពេលមានបាតុកម្មប្រឆាំងនឹងរូបលោក កាលពីឆ្នាំ២០១១ ។ អតីត មេដឹកនាំអេហ្ស៊ីប រយៈពេល៣០ឆ្នាំ ដោយមានការជួយពីពួកយោធារូបនេះត្រូវបានចាប់ខ្លួន បន្ទាប់ពីលោកត្រូវបានបណ្តេញចេញពីតំណែងភ្លាម៕