រាជធានីភ្នំពេញ ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ត្រូវចោរប្លន់ប្រដាប់ដោយដាវសាំម៉ូរ៉ៃ កាប់ប្លន់យកម៉ូតូ បណ្តាលឲ្យរយះដៃ ខណៈដែលនាងធ្វើដំណើរចេញពីកន្លែងធ្វើការឆ្ពោះទៅផ្ទះ ។ ហេតុការណ៍កាប់បន្ល់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទី ទៀបភ្លឺចូលថ្ងៃទី២២ តុលា ២០១៣ នៅចំណុចមុខផ្ទះនារីរងគ្រោះ ផ្លូវលំច្រកចូលកាសែតអង្គរវត្ត ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនារីពីរនាក់ បានចេញពីធ្វើការនៅហាងការ៉ាអូខេ ប៊េសស្តារ ជិះម៉ូតូអាយខន ពណ៌ឈាមជ្រូកលាយស ១គ្រឿង ធ្វើដំណើរតាមផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខផ្ទះក៏ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូឌ្រីម ១គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃកាប់ទៅលើនារីម្នាក់ជាអ្នកបើកបរបណ្តាលឲ្យរយះដៃរបួសធ្ងន់ ដេរអស់ ១៥ថ្នេរ ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពប្លន់ហើយ ក៏រត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីស្រាវជ្រាវរកជនសង្ស័យមកផ្ទន្ទាទោសតាមច្បាប់៕