រាជធានីភ្នំពេញ ៖ បន្ទាប់ពីតុលាការក្រុងភ្នំពេញធ្វើដោះលែងពិរុទ្ធជនឈ្មោះ ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឧកញ៉ា វ័យក្មេង ដ៏មានឥទ្ធិពលនៅក្នុងសង្គមរួចមក មានមតិរិះគន់យ៉ាងពីសំណាក់មជ្ឈដ្ឋានជុំវិញបានលើកឡើងថា សំណុំរឿងអ្នកគ្មានលុយខ្លះត្រូវបានពន្យារពេលរាប់ឆ្នាំទោះ ដឹងហើយថាជនសង្ស័យគ្មានបទល្មើសចោទប្រកាន់ក៏ដោយនោះ។
គួររម្លឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែមេសា បានសម្រេចឃុំខ្លួនលោក ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ ៣ បទល្មើសរួមនិង ឌួង គឹមឡុង ត្រូវជាប្អូននោះ។ បទល្មើសទី១ ប្រើអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ទី២-ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងទី៣-បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ។ លោក ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ត្រូវបានលោកឧកញ៉ា ឌួង ងៀប ជាឪពុកនាំទៅប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ដោយរូបលោកជាឪពុកស្តីប្រដៅលែងបាន។
ក្នុងហេតុការណ៍នោះ លោកឌួង ឧត្តមឆវិន ហៅឆាយ និងប្អូនប្រុសឈ្មោះឌួង គឹមឡុង ព្រមទាំងអង្គរក្សមួយចំនួនទៀតបានប្រើអំពើហិង្សាទៅលើអ្នកដទៃ បណ្តាលឲ្យមានរបួសស្នាមនៅក្នុងហាងបបរសយីហោហ្គេឡាងឡារ៉ង់ ស្ថិតនៅបណ្តោយផ្លូវត្រសក់ផ្អែមសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។ កាលដែលលោកឌួង ឆាយ បានវាយដោយស្នាប់កាំភ្លើងខ្លីរ៉ូឡូ ទៅលើលោក មុំ ឌីណា បណ្ដាលឲ្យរងរបួសបែកក្បាលជាច្រើនកន្លែង និងធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស។
ក្រោយហេតុការណ៍ លោកឌួង ឆាយ និងប្អូនប្រុស ឌួង គឹមឡុង បានរត់គេចខ្លួន ប៉ុន្តែនៅវេលាទៀបភ្លឺថ្ងៃទី១៤ មេសា ឌួង គឹមឡុង ជាប្អូនត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនខណៈពេល បើករថយន្តមកដល់មុខមន្ទីររដ្ឋសភាថ្មីបម្រុងគេចខ្លួន ។ លុះថ្ងៃទី១៨ មេសា លោកឧកញ៉ា ឌួង ងៀប ត្រូវជាឪពុកលោក ឌួង ឆាយ និងលោកឌួង គឹមឡុង បាននាំកូនប្រុសសំណព្វចិត្ត ឌួង ឆាយ ដែលរត់គេចខ្លួន និងស្ថិតក្រោមការតាមប្រមាញ់យ៉ាងស្អិតពីសមត្ថកិច្ចនោះមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ដែលជាចេតនានាំកូនឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ព្រោះបើប្រឹងគេចក៏រកកន្លែងលាក់ខ្លួនលែងបានដែរ។
ប៉ុន្តែអ្វីបញ្ហាទាំងនេះ នៅមានចម្ងល់សម្រាប់មតិមជ្ឈដ្ឋានជុំវិញ ដោយតុលាការបន្ថយទោសត្រឹមតែ ៦ ខែប៉ុណ្ណោះ៕