ប្រទេសអេស្ប៉ាញ ៖ យោងតាមប្រភពព័ត៌មានពីគេហទំព័រកម្សាន្តបរទេសមួយដែលបានចុះផ្សាយ កាលពីពេលថ្មីៗកន្លងទៅនេះបានឲ្យដឹងថា ក្រុមសកម្មជនតវ៉ា ទាមទារសិទ្ធិស្ត្រីរបស់ប្រទេសអេស្ប៉ាញចំនួន ៣នាក់ បានដោះអាវបញ្ចេញសុដន់នៅក្នុងសភាក្នុងគោលបំណងប្រឆាំងទៅនឹងគម្រោង របស់រដ្ឋាភិបាល ដែលមិនអនុញ្ញាតឲ្យមានការរំលូតកូន ។
នៅពេលដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កំពុងធ្វើការ ថ្លែងសន្ទរកថា ក្រុមនារីទាំង ៣នាក់ខាងលើ បានដោះអាវពួកគេ ហើយបានស្រែកខ្លាំងៗ ពេញសភា បង្ហាញពីការជំទាស់ ទៅនឹងច្បាប់រំលូតកូនថ្មីនេះ។
យោងតាមច្បាប់រំលូតកូន នៅក្នុងប្រទេសអេស្ប៉ាញ នារីមានផ្ទៃពោះទាំងអស់ មានសិទ្ធិស្របច្បាប់ ក្នុងការរំលូតកូន ដោយសេរីរហូត ដល់សប្ដាហ៍ទី១៤។ ប៉ុន្តែសម្រាប់ច្បាប់ថ្មី ក្រោមការដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី Mariano Rajoy ចង់ធ្វើវិសោធនកម្មច្បាប់នេះ ដោយចែងថា ការរំលូតកូន គឺជារឿងខុសច្បាប់ ទោះជានៅក្នុងកំឡុង ពេលណាក៏ដោយ លើកលែងតែធ្វើ ក្នុងស្ថានភាព ការពារសុខភាពមាតា ទារក និងករណី ចាប់រំលោភតែប៉ុណ្ណោះ៕