ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យពីរនាក់ដែលជាមុខសញ្ញាចោរកាច់សោម៉ូតូក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់បន្តតាមផ្លូវច្បាប់កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ ។
ជនសង្ស័យទាំងពីរមានឈ្មោះ យិន សារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតភូមិម៉ុងបារាំង ឃុំផ្អេ ស្រុក-ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅវត្តសន្សំកុសល រាជធានីភ្នំពេញ និងឈ្មោះ ផៃ សុភាព ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងធ្លក ឃុំ-ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យទាំង២ត្រូវបានអ្នកភូមិព័ទ្ធចាប់ឃាត់ខ្លួន និងវាយទ្រមខ្លួនទើបប្រគល់ឱ្យសមត្ថកិច្ច។
តាមការស្រាយបំភ្លឺរបស់សមត្ថកិច្ចបានបង្ហាញថា ការឃាត់ខ្ឡួនជនសង្ស័យនេះគឹស្ថិតនៅក្បែរវត្តថ្មី ក្នុងឃុំព្រៃញាត្តិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី១៧ ខែតុលា ដោយបានលួចកាច់សោកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ឆ្នាំ ពាក់ស្លាកលេខភ្នំពេញ 1F.4425 របស់ឈ្មោះ ឆឹង ខន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិដំដែក ឃុំព្រៃញាត្តិ ស្រុកគងពិសី ខណៈបញ្ឈរនៅចោល។ ខណៈពួកគេធ្វើសកម្មភាព ម្ចាស់ម៉ូតូបានឃើញទាន់ហើយស្រែកថាចោរៗ ទើបប្រជាពលរដ្ឋនាំគ្នាដេញប្រផាប់ប្រភីងចាប់បានបក្ខពួកចោរ ២នាក់ក៏ ស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន និងគ្នាវា២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។សមត្ថកិច្ចបាន បញ្ជាក់ថា ចំពោះម៉ូតូជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅម្ចាស់វិញហើយ ជនល្មើសត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងតាមផ្លូវច្បាប់។ ចំណែកម៉ូតូដែលពួកគេជិះធ្វើសកម្មភាពម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ1E.1512 ត្រូវបានដកហូតយកមករក្សាទុក។
ម៉ូតូដែលក្រុមជនល្មើសជិះធ្វើសកម្មភាពនោះ គឺពួកគេទើបតែលួចបានកាលពីពេលថ្មីៗនេះ ហើយពេលនេះម្ចាស់ម៉ូតូកំពុងតែប្រមូលឯកសារបញ្ជាក់ពីភិនភាគម៉ូ តូរបស់ខ្លួន ដើម្បីសុំយកវិញ។ បច្ចុប្បន្នជនល្មើសត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តធ្វើចំ ណាត់ការបន្តទៅតាមផ្លូវច្បាប់ ៕