រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវបានប្រជាជនព្រួតវាយម្នាក់មួយដៃ ម្នាក់មួយជើង របួសយ៉ាងដំណំ ខណៈដែលលបឡើងលើផ្ទះប្រជាពលរដ្ឋម្នាក់បំណងលួចទ្រព្យសម្បត្តិ តែត្រូវម្ចាស់ផ្ទះភ្ញាក់ទាន់ស្រែកឆោឡោឡើង ។ ហេតុការណ៍ដែលប្រជាជនស្វាគមន៍ចោរនេះបានបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី២០ តុលា ២០១៣ ស្ថិតនៅចំណុចភូមិព្រែកតាលូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ជនសង្ស័យខាងលើ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសារក្រោយពេលឃាត់ខ្លួនបានភ្លាម សមត្ថកិច្ចបានរំដោះចេញពីកណ្តាប់ដៃប្រជាពលរដ្ឋជាច្រើននាក់ព្រួតវាយ និងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ហើយចាក់សោឃុំទាំងយប់តែម្តង ។
ដោយក្តីកំហឹង និងភាពស្អប់ចោរធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាស្ទាក់ចាប់ និងវាយរហូតដល់ទ្រោម ដោយសារបានសមត្ថកិច្ចជួយអន្តរាគមន៍ ម្ល៉ោះចោរអាចស្លាប់ក្នុងកណ្តាប់ដៃប្រជាជនផងមិនដឹង ៕