ប្រទេសជប៉ុន ៖ វិចិត្រសិល្បៈ Sushi អាក្រាត Nyotaimori ជាមួយផ្នែកមួយ នៃវប្បធម៌ប្រពៃណីរបស់ជប៉ុន ដែលស្រដៀងនឹង Sumo (កីឡាបោកចំបាប់) ឬ Kimono (សម្លៀកបំពាក់ប្រពៃណី) អីចឹងដែរ ។ វាពិតជាបន្ទះ ឬ ដុំ Sushi មើលទៅគួរឲ្យឆ្ងាញ់ពិសារ តែប្រសិនបើអ្នកសញ្ជឹងមើលឲ្យម៉ត់ចត់ វាត្រូវបានតម្រៀបតាមបែបសិល្បៈម្យ៉ាង នៅលើរាងកាយអាក្រាតរបស់បវរនារី ។
Nyotaimori ក្នុងភាសាជប៉ុនមានន័យថា “រាងកាយត្រូវបានតែងសម្អាងរបស់ស្ត្រីម្នាក់” ។ ក្រុមវិចិត្រករនឹងដាក់រៀបដុំ Sushi ទាំងឡាយពាសពេញរាងកាយរបស់ស្ត្រីម្នាក់ ហៅថា Geisha ឬ អាចថា នាងជា Geisha ដើរតួនាទីជាថាសអាហារដ៏វិចិត្រ ។ លើរាងកាយរបស់នាង គេតម្រៀបបន្ទះសាច់ត្រីស្តើងៗ នៅពីលើ “បាយជូ” នៅគ្រប់កន្លុកកន្លៀត… ។ នាជំនាន់បូរាណនៅជប៉ុន ពួក Geisha ត្រូវចេះអនុវត្តជាក់ស្តែងពី Nyotaimori ដូចដែលត្រូវចេះពីសិល្បៈ នៃការឆ្លាក់អក្សរ, របៀបផឹកទឹកតែ ឬលេងពិណខ្សែ Samisen ។ និយាយរួម គឺជានិមិត្តរូប នៃការស្ងើចសរសើរ ។
ក្នុងចក្ខុវិស័យរបស់អ្នកស្រឡាញ់ប្រពៃណីនោះ Nyotaimori គឺជានិមិត្តរូបនៃការ “បម្រើ” វិស័យវិចិត្រសិល្បៈ ឈានដល់កម្រិតកំពូល ។ Geisha ដែលត្រូវបានជ្រើសរើសសម្រាប់ Nyotaimori គឺជានារីដែលពោរពេញដោយភាពអត់ធ្មត់ ។ គេមានការត្រៀមខ្លួនសម្រាប់ដេកស្ងៀម រយៈពេល ៤ ម៉ោង ទោះបីជាអកប្បកិរិយារបស់ភ្ញៀវបែបណាក៏ដោយចុះ ។ ពីវ័យ ១៦ ឆ្នាំ ពួកនាងត្រូវបានទទួលការហ្វឹកហាត់យ៉ាងតឹងរ៉ឹង ។ ហេតុនេះ អ្នកត្រូវបានជ្រើសរើស គឺជាកិត្តិយសមួយ សម្រាប់ពួកគេ ។
ដើម្បីរៀបចំពិធីលាងសាយភោជ Nyotaimori មួយ, Geisha ត្រូវចំណាយពេលជាង ១ ម៉ោង សម្រាប់ការធ្វើអនាម័យរាងកាយ ដោយពុំអនុញ្ញាតឲ្យប្រើប្រាស់សាប៊ូមានក្លិនក្រអូបណាមួយទាំងអស់ ព្រោះវានឹងឥទ្ធិពលដល់អាហារ Sushi ។ បន្ទាប់ពីការជម្រះកាយដោយសាប៊ូពិសេសមួយ ដែលគ្មានក្លិន គេយកកញ្ចប់ក្រណាត់មកដុសសម្អាតកោសិកាងាប់របស់ស្បែកចេញ ។ លើកទី២ គឺការងូតលាងសម្អាតដោយទឹកក្តៅ រួចចុងក្រោយ លើកទី៣ គឺលាងសម្អាតដោយទឹកត្រជាក់ ដើម្បីបិទភ្ជិតរន្ធញើស ។ ស្របពេលនោះ ក្រុមចុងភៅ ក៏នឹងចាប់ផលិត Sushi ថ្មីៗតែម្តង ហើយក៏យកមកតម្រៀបតាមរចនាបទបែបសិល្បៈមួយ មានច្រើនសណ្ឋាន ។ ចំពោះប្រដាប់ភេទ គេយកស្លឹករុក្ខជាតិ ឬ ផ្កា មក “ទ្រាប់” មុនដាក់របស់របរ ។
សក់ពុំត្រូវបានអនុញ្ញាតឲ្យចងទេ គឺពង្រាយវាលើក្តារ និងតុបតែងលម្អរដោយផ្កាតូចៗ ។ សីតុណ្ហភាពក្នុងបន្ទប់ក៏ត្រូវបន្ថយចុះ ជាហេតុ Sushi ត្រូវបានរក្សា “កម្តៅ” ដោយសីតុណ្ហភាពរាងកាយរបស់ Geisha ។ អំឡុងដើមទសវត្សរ៍ទី៩០ សតវត្សមុននេះ ទើបពួកលោកខាងលិចបានដឹង និងស្គាល់ Nyotaimori ។ ពេលនោះ ពួកគេប្រតិកម្មខ្លាំងក្លាណាស់ ។ គេថា នេះជាប្រពៃណីអាក្រក់ ជាន់ឈ្លីភាពបរិសុទ្ធរបស់នារី ហើយអ្នកដែលបរិភោគ Nyotaimori ជាមនុស្សថោកទាប កខ្វក់… ។
ប៉ុន្តែ បន្តិចម្តងៗ គ្រាដែលគេចាប់ផ្តើមយល់ដឹងពីប្រភព គោលគំនិត និងការរៀបចំ… ទើបទទួលស្គាល់ថា ជាវប្បធម៌អាហារគួរឲ្យជក់ចិត្ត គួរឲ្យលើកតម្កើង មិនខុសពីរូបសិល្បៈអាក្រាត (Nude) របស់លោកខាងលិចទេ ។ ឥឡូវ Nyotaimori បានរាលដាលពេញនិយម លើពិភពលោក ៕