ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីកាប់ប្លន់អ្នករត់តាក់ស៊ីមិនបានសម្រេច ជនសង្ស័យបានគេចខ្លួនរត់ចូលព្រៃ ហើយកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវចាប់ជាបន្តបន្ទាប់់ ។ ហេតុការចាប់ខ្លួនជនសង្ស័យបាន ៣ នាក់ កាលវេលាម៉ោង២និង ៣០នាទីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ នៅក្នុងចម្ការដំឡូងអ្នកភូមិ ស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីជនសង្ស័យទុករថយន្តចោលហើយរត់ចូលព្រៃគេចខ្លួនហើយនោះ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវរកមុខសញ្ញាទាំងក្នុងភូមិនិង ក្នុងព្រៃ ។ លុះមកដល់វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ សមត្ថកិច្ចបានប្រទះជនសង្ស័យទាំង៣នាក់ខាងលើនៅក្នុងចម្ការដំឡូង អ្នកភូមិ ពេលដែលជនសង្ស័យទាំង៣នាក់ខាងលើបន្លំធ្វើជាអ្នកចាំចម្ការនៅក្នុងរោងចាំចម្ការអ្នកភូមិក្នុងចំណុចភូមិល្វាខាងលើ ។ ពេលនោះសមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ភ្លាមតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវសមត្ថកិច្ចស្រុកម៉ាឡៃបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធី ៕