រាជធានីភ្នំពេញ ៖ ភាពគ្មានការអាធ្យាស្រ័យចំពោះគ្នា ច្រើនកើតមានចំពោះបុគ្គលមួយចំនួនដែលខ្លួនមានលុយ និងមានអំណាច តែខ្វះសីលធម៌ក្នុងខ្លួន ។ យ៉ាងណាមិញបុរសម្នាក់ដែលបើករថយន្តទំនើប បានប្រមាថអ្នកបើកម៉ូតូ តាមផ្លូវដល់អាយុជីវិត ដោយមិនមាន ការប៉ះទង្គិចគ្នា អ្វីសោះនោះ ។ ហេតុការណ៍ដែលស្ថិតក្នុងក្រសែភ្នែកចោមរោមមើលពីមនុស្សម្នាជុំវិញនេះ បានទទួលការរិះគន់ជាខ្លាំងថា “អាងមានលុយ និងមានអំណាច តែអន់ចរិក” បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ និង ៥០ នាទី ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅបរិវេណរដ្ឋសភាចាស់ ឆ្ពោះទៅផ្លូវព្រះស៊ីសុវត្ថិ ទល់មុខសាលសន្និសីទចតុមុខ។
តាមការរៀបរាប់ពីសាក្សីដែលបានឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុ គេឃើញរថយន្ត ឡង់រ៉ូវែ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-7777 បើកដោយបុរសម្នាក់ អាយុជាង ៥០ ឆ្នាំ មានសក់ពណ៌ក្រហមផងនោះ បានធ្វើដំណើរ ពីត្បូងទៅជើង តាមផ្លូវព្រះស៊ីសុវត្ថិ ស្រាប់តែអ្នកបើករថយន្តរូបនោះ ពេលមកដល់បើកកញ្ចក់ ហើយស្រែកថា “ជិះម៉ូតូដូចហ្អែងប្រយ័ត្នងាប់” ចំពោះអ្នកយកព័ត៌មានម្នាក់បម្រើការងារនៅស្ថានីយ៍ទូរទស្សន៍អប្បរា។ ដោយឮនូវការប្រមាថដោយពាក្យសម្តីពីព្រោះតែមានរថយន្ត ស៊េរីទំនើបជិះ តែអត់ចរិកបែបនេះ អ្នកយកព័ត៌មានរូបនោះ បានជិះម៉ូតូដេញតាម ដើម្បីសួរនាំ តែអ្នកបើករថយន្ត មិនបានឈប់នោះទេ ហើយក៏បើកចូលទៅក្នុងហាងមួយ នៅក្បែវវត្តឧណ្ណាលោម ធ្វើព្រងើយតែម្តង។
ចំពោះទង្វើអសីលធម៌បែបនេះ របស់អ្នកបើករថយន្ត ឡង់រ៉ូវែ ខាងលើ ត្រូវបានមជ្ឈដ្ឋាន មួយចំនួន រិះគន់ និងស្តីបន្ទោស យ៉ាងខ្លាំង ហើយអត់ចរិកជាទីបំផុត អាងតែខ្លួនមានលុយ និងមានអំណាច មើលងាយអ្នកជិះម៉ូតូតាមផ្លូវ យ៉ាងដូច្នេះ។ យ៉ាងណាក៏ដោយគេមិនស្គាល់អ្នកបើក រថយន្តខាងលើនេះទេ ប៉ុន្តែអ្នកបើករថយន្តដែលមាន អាយុជាង៥០ឆ្នាំទៅហើយ តែបើមើលទៅសក់ ពណ៌ក្រហម ដូចស្រូវទុំខែប្រាំង យ៉ាងដូច្នេះ ទំនងជាអានិកជន ផងមិនដឹង ៕