ខេត្ដកណ្ដាល ៖ សពអាកាសយានិកខ្មែរដែលជួបឧបទ្ទវហេតុធ្លាក់យន្ដហោះនៅ ប្រទេសឡាវ ត្រូវបានបញ្ជូនតាមយន្ដហោះពិសេសរបស់ប្រទេសឡាវមកដល់ប្រទេស កម្ពុជាហើយកាលពីវេលាម៉ោង១និង១០នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ ដោយមាន ភរិយានិងកូនរបស់សពដង្ហែពីប្រទេសឡាវមកដែរ ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស ឡាវលោកយី ដន ដែលបានអមដំណើរ សពមកដល់គេហដ្ឋានជនរងគ្រោះបានឱ្យដឹងថា សាកសពអាកាសយានិកខ្មែរ ត្រូវបានរកឃើញនៅនឹងកន្លែងកើតហេតុ វេលាម៉ោង៣រសៀលថ្ងៃទី១៨ ខែតុលា ហើយបានរៀបចំវេចខ្ចប់យ៉ាងស្អាតបាតពីមន្ដ្រីនៅក្នុងប្រទេសឡាវរួចបានបញ្ជូនមកកាន់ប្រទេសកម្ពុជាវេលាម៉ោង១២ ថ្ងៃទី១៩ ខែតុលា ។ សាកសពជនរងគ្រោះ បានដឹកចេញពីព្រលានយន្ដហោះអន្ដរ ជាតិភ្នំពេញមកដល់គេហដ្ឋានសពនៅ ក្រុងតាខ្មៅនាវេលាម៉ោង២និង៣០នាទី តាមរថយន្ដសាមុយនៃមន្ទីរពេទ្យមិត្ដ ភាពខ្មែរ-សូវៀត ។
នៅឯគេហដ្ឋានជនរងគ្រោះគេសង្កេត ឃើញអគ្គរាជទូតឡាវប្រចាំនៅប្រទេស កម្ពុជានិងមន្ដ្រីយោធាសេនានុព័ន្ធឡាវ ចូលរួមគោរពវិញ្ញាណក្ខន្ធនិងបានសម្ដែង នូវក្ដីសោកសៅជាមួយក្រុមគ្រួសារសព ។ លោកយង់ សំ មានអាយុ៥៦ឆ្នាំ មាន ស្រុកកំណើតនៅភូមិកំពង់សំណាញ់ ឃុំ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។ គាត់មានសមាជិកក្នុងគ្រួសារ៥នាក់រួមមានភរិយានិងកូនប្រុស ស្រី៤នាក់ ។ លោក យង់ សំ បានបញ្ចប់ការសិក្សា ជំនាញបើកយន្ដហោះនៅប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៩៥ ។ លោកបេ ផល អាកាសយានិកខ្មែរ បម្រើការក្នុងក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូងនិងជាអ្នកធ្លាប់រួមអាជីពជាមួយ លោកយង់ សំបានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ ការសិក្សានៅប្រទេសបារាំង លោក យង់ សំ ត្រូវបានអង្គភាពអាកាសចរណ៍ជាតិឈ្មោះRoyal Air Cambodge ជ្រើសរើសឱ្យ ចូលបម្រើការជាអាកាសយានិកជាតិ ។
លោកបន្ដថា “គាត់ក៏ជាបុគ្គលិក នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលផងដែរ ។ គាត់ជាអាកាសយានិកខ្មែរម្នាក់ ដែលកងទ័ពជើងគោកទុកចិត្ដបំផុតព្រោះគាត់តែងត្រូវបានគេហៅឱ្យទៅបើកយន្ដហោះដែលដឹកមន្ដ្រីធំៗរបស់រដ្ឋាភិបាល ។ នៅឆ្នាំ២០០១ក្រុមហ៊ុន Royal Air Cambodge បានក្ស័យធនហើយគាត់ក៏ សម្រេចចិត្ដចូលបម្រើការឱ្យទ័ពអាកាស និងជាអ្នកបើកយន្ដហោះវីអាយភី(VIP) ឱ្យរដ្ឋាភិបាល” ។ ប្រហែលជាជាង១០ឆ្នាំ ក្រោយពីចូលបម្រើការជាអ្នកបើកយន្ដ ហោះវីអាយភីឱ្យរដ្ឋាភិបាលមកនៅដើមឆ្នាំ២០១១លោក យង់ សំ ត្រូវបានក្រុម ហ៊ុនអាកាសចរណ៍មួយក្នុងប្រទេសឡាវ ហៅឱ្យចូលបម្រើការជាអាកាសយានិក ។ ពេលទៅបម្រើការនៅប្រទេសឡាវនោះ លោកយង់ សំ ត្រូវឃ្លាតឆ្ងាយពីស្រុក កំណើតដោយទុកប្រពន្ធនិងកូន៤នាក់ឱ្យ រស់នៅក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
បើតាមលោកបេ ផល បញ្ជាក់ថានៅ ប្រទេសឡាវលោកយង់ សំ អាចទទួល ប្រាក់ខែជាអ្នកបើកយន្ដហោះបានប្រហែលពី៥ទៅ៦ពាន់ដុល្លារអាមេរិកក្នុងមួយខែ ហើយក៏មានប្រាក់ធានារ៉ាប់រងមួយចំនួន ទៀត ។ លោកបន្ដថា“មូលហេតុដែល គាត់ត្រូវបានគេហៅឱ្យទៅហោះ(បើក បរ)នៅឡាវនោះគឺដោយសារតែនៅ ឡាវមិនសូវមានអ្នកជំនាញបើកយន្ដ ហោះជាតិច្រើននោះទេ ហើយបងសំ គាត់ក៏មានសមត្ថភាពខ្ពស់ណាស់ដែរក្នុងអាជីពនេះ ។ អ្វីដែលកើតឡើងគឺមិនមែន ជាកំហុសរបស់គាត់នោះទេ ព្រោះអាកាស ធាតុវាអាក្រក់ ។ ទោះជាដឹងមុនថា វា នឹងគ្មានបញ្ហាក៏ដោយតែរឿងធម្មជាតិវា ប្រែប្រួលគ្រប់ពេលវេលា” ។ ក្នុងនាម ជាមិត្ដធ្លាប់រួមអាជីពជាមួយគ្នានោះ លោកបេ ផល បានសម្ដែងអារម្មណ៍សោក ស្ដាយចំពោះការបាត់បង់ជីវិតលោក យង់ សំ យ៉ាងដូច្នេះថា “គាត់ យង់ សំ” ជាអាកាសយានិកខ្មែរម្នាក់ដែលធ្វើការ ហ្មត់ចត់ជាទីបំផុត ។ ខ្ញុំពិតជាសោក ស្ដាយណាស់បន្ទាប់ពីទទួលដំណឹងថា គាត់ត្រូវស្លាប់ដោយគ្រោះថ្នាក់ធ្លាក់យន្ដហោះ ។ ខ្ញុំរន្ធត់ណាស់ព្រោះយើងជាអ្នក មានអាជីពដូចគ្នា ។ តាំងពីខ្ញុំស្គាល់គាត់ មកមិនដែលឮថា គាត់ហោះមានបញ្ហា ម្ដងណាឡើយ ។ ខ្ញុំនឹងចូលរួមពិធីបុណ្យ សពរបស់គាត់ ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៦ ខែតុលា យន្ដហោះ ATR 72-600 វ៉ុល QV301ដែលចេញដំណើរពីទីក្រុងវៀង ច័ន្ទទៅព្រលានយន្ដហោះប៉ាក់សេ ខេត្ដ ចំប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ បានធ្លាក់ចូលទៅក្នុងទឹកទន្លេមេគង្គ នៅ ពេលកំពុងព្យាយាមចុះចត ។ របាយការណ៍ទូទៅបានសន្និដ្ឋានថា គ្រោះថ្នាក់នេះបណ្ដាលមកពីបញ្ហាអាកាសធាតុ ។ ក្នុងចំណោមអ្នកស្លាប់៤៩នាក់ នោះមានអាកាសយានិក២នាក់អ្នកបម្រើតាមយន្ដហោះ២នាក់និងយន្ដការី១នាក់ ។ ដោយឡែកអ្នកដំណើរដែលរងគ្រោះនោះមាន៤៤នាក់មកពី១១ប្រទេសផ្សេងៗគ្នា ។ អ្នកដំណើរទាំងនោះរួមមានឡាវ១៦នាក់ បារាំង៧នាក់ អូស្ដ្រាលី៦នាក់ កូរ៉េ៣នាក់ វៀតណាម២នាក់ ខណៈអាមេរិក កាណាដា ចិន ម៉ាឡេស៊ី និងតៃវ៉ាន់ មានក្នុងមួយ ប្រទេសស្លាប់ពលរដ្ឋអស់ចំនួន១នាក់ ៕