ប្រទេសអាហ្វហ្គានីស្ថាន ៖ ផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាល បានបំភ្លឺស្បៃរាត្រីដែលងងឹតសូន្យសុង ឲ្យមានពន្លឺឡើងនៅក្នុងសមយុទ្ធយោធារវាងកងយោធាអាមេរិក និងកងទ័ពអាហ្វហ្គានីស្ថាន។ ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់អាហ្វហ្គានីស្ថាន នៅពេលយប់ កងយោធាអាមេរិក បានរួមជាមួយកងទ័ពប្រទេសនេះ ធ្វើការហ្វឹកហាត់នៅពេលយប់ថ្ងៃទី១៣ តុលា កន្លងមក ។ ក្នុងសមយុទ្ធហ្វឹកហាត់នេះ កងទ័ពអាមេរិកបានប្រើប្រាស់អាវុធវាយលុកឯកជន និងគ្រាប់ផ្លោង ។
ផ្ទៃមេឃដែលងងឹតសូន្យឈឹង ស្រាប់តែឡើងភ្លឺចិញ្ចាច ដោយគ្រាប់ជាច្រើនចាប់ផ្តើមផ្ទុះ ។ តាមតំណាងកងទ័ពអាហ្វហ្គានីស្ថាន នេះជាការធ្វើសមយុទ្ធហ្វឹកហាត់ក្នុងលក្ខណៈបែបនេះជាលើកដំបូង ។ ការធ្វើសមយុទ្ធបែបនេះ ដោយសារពួកឧទ្ទាមប្រដាប់អាវុធច្រើន វាយប្រហារបង្កចលាចលនៅពេលយប់ ។
សមយុទ្ធនេះប្រព្រឹត្តទៅ ២ យប់ជាប់គ្នា ដោយមានការគាំទ្ររបស់ឧទ្ធម្ភាគចក្រដឹកជញ្ជូនទ័ព ហើយគោលបំណងនៃការហ្វឹកហាត់ គឺស្វែងរក និងកម្ទេចក្រុមភេរវកម្ម ។ តាមយោធាអាមេរិកនោះ វាជាការហ្វឹកហាត់ ដើម្បីឲ្យកងទ័ពប្រទេសនេះ មានសមត្ថភាពការពារសន្តិសុខជាតិរបស់ខ្លួនបាន ។ ទីកន្លែងសមយុទ្ធជាភូមិទាំងឡាយរប់សអាហ្វហ្គានីស្ថាន -កន្លែងដែលពួកភេវករចូលចិត្តវាយប្រហារ ។ ដោយមានការគាំទ្រពីបរិក្ខាយោធាទំនើបរបស់អាមេរិក ការសមយុទ្ធត្រូវបានវាយតម្លៃថា ទទួលបានជោគជ័យ ។
ប៉ុន្តែ អាមេរិកនៅមានកង្វល់ថា បើអាមេរិកដកកងទ័ពអស់នោះ កងទ័ពរបស់ប្រទេសនេះ នៅពុំមានទ័ពស្រួចគ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាពក្នុងប្រទេសមួយ ផ្ទុកពេញដោយទំនាស់យ៉ាងជ្រាលជ្រៅ ៕