ប្រទេសចិន ៖ មន្ដ្រីក្នុងក្រសួងអប់រំចិនម្នាក់បានស្លាប់ នៅពេលដែលកំពុងបង្កាត់ភ្លើងស្នេហ៍ដ៏ល្អូកល្អិនជាស្ត្រីវ័យក្មេង ហើយត្រូវប្តីនាងមកទាន់ ។ ដោយខ្លាចប្តីស្ត្រីស្នេហ៍ឃើញ បុរសនោះបានពួន ហើយរអិលធ្លាក់ពីជាន់ទី៤ស្លាប់ ។ កាលពី ថ្ងៃទី១៧ តុលា ប៉ូលិសខេត្ដអានហុយ ប្រទេសចិនបានប្រកាសឱ្យដឹងថា ប្រធានមន្ទីរអប់រំនិងបណ្ដុះបណ្ដាល ក្នុងខេត្ដនេះបានធ្លាក់ពីជាន់ទី៤នៃអគារខុនដូ ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ សារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយថា មន្ដ្រីមន្ទីរអប់រំរូបនោះបានលោតចេញតាមបង្អួចទម្លាក់មកក្រោម។
ហេតុការណ៍ គ្រោះថ្នាក់ខាងលើបានធ្វើឱ្យពលរដ្ឋដែលរស់នៅក្នុងខុនដូភ្ញាក់ ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា ស្ដ្រីដែលជាអ្នកគ្រូនិងជាប្រពន្ធគេហើយនោះ នៅតែមានសហាយស្មន់ជាមួយប្រធានមន្ទីរអប់រំ ។ ពលរដ្ឋដែលនៅទីនោះបានរៀបរាប់ឱ្យដឹងថា “ខ្ញុំកំពុងអង្គុយមើលទូរទស្សន៍ ស្រាប់តែឮសំឡេងខ្លាំងមួយ ហើយអើតមើលតាមបង្អួច ក៏ឃើញបុរសម្នាក់ដេកស្ដូកនៅលើដី ពេលដំបូងខ្ញុំនឹកស្មានថាជាចោរ”។ មួយសន្ទុះក្រោយមកប៉ូលិសក៏បានមកដល់កន្លែងកើតហេតុ ហើយនាំខ្លួនអ្នកគ្រូដែលជាស្រីស្នេហ៍លួចលាក់នោះទៅស្នាក់ការប៉ូលិស ។
ស្វាមី របស់អ្នកគ្រូដែលជាស្រីផិតក្បត់បានរៀបរាប់ឱ្យដឹងថា "ពេលខ្ញុំត្រឡប់មកពីធ្វើការដោយចៃដន្យខុសពេលវេលាដូចសព្វដង ក៏ស្រាប់ឃើញទ្វារបិទចាក់សោពីខាងក្នុង ។ គាត់បានទូរស័ព្ទទៅឱ្យប្រពន្ធឱ្យចេញមកបើកទ្វារ ប៉ុន្ដែរយៈពេល១០នាទីក្រោយមកទើបបើកទ្វារ។ ពេលនាងបើកទ្វារភ្លាម ក៏ស្រាប់តែឮសូរសំឡេងលាន់ខ្លាំងនៅខាងក្រោយផ្ទះ ។ ចំណែកស្ដ្រីដែលជាប្រពន្ធមានស្ថានភាពតានតឹងយ៉ាងខ្លាំង ពេលនេះប៉ូលិសកំពុងស្រាវជ្រាវពីហេតុការណ៍ពាក់ព័ន្ធខាងលើ ។
អ្នក រស់នៅជិតខាង ក៏ដូចជាប្រិយមិត្ដអ្នកអានតាមប្រព័ន្ធអ៊ីនធើណេតបង្ហាញការ ខឹងសម្បា និងខកចិត្ដចំពោះមន្ដ្រីមន្ទីរអប់រំ ក៏ដូចជាអ្នកគ្រូជាភរិយាដែលមានប្ដីស្មោះស្ម័គ្រ នៅតែផិតក្បត់លួចមានសហាយស្មន់យកមកដេកក្នុងបន្ទប់របស់ខ្លួនពេល ប្ដីមិននៅ ៕