ឃាត់​ខ្លួន​មេខ្លោង​ម្នាក់ និង​បក្ខពួក​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​សម្លាប់​យុវជន​ប្លន់យក​ម៉ូតូ​

, , Leave a comment

​ខេត្តបាត់ដំបង ៖ មេខ្លោង​ម្នាក់ និង​បក្ខពួក ៣ នាក់​ទៀត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ។​ការឃាត់ខ្លួន​ជន​ទាំងនេះ មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​សម្លាប់​យុវជន​ម្នាក់​កាលពី​យប់ ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​នៅ​ស្រុក​កំរៀង រួច​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ទៅ​បញ្ចាំ​យកលុយ​ទៅ​ទិញ​ថ្នាំញៀន​ប្រើប្រាស់​។​

 

​តាម​ការចង្អុលបង្ហាញ​ពី​លោក​អធិការនគរបាល​ស្រុក​កំរៀង​បាន​ប្រាប់ថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ ១-​ឈ្មោះ​ញឹម សំអាត ហៅ​សេម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ជនដៃដល់ រស់នៅក្នុង​ភូមិ​តា​ហែ​ន ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល និង​ជា​អតីត​ទណ្ឌិត​នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​កម្ពុជា​, ២-​ឈ្មោះ​ម៉ន សុខឿន អាយុ​២៦​ឆ្នាំ​, ៣-​ឈ្មោះ​ទូច ទី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ទាំង​២​នាក់​នេះ​ជា​ប្តី​ប្រពន្ធ រស់នៅក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ជា​អ្នកសមគំនិត​យក​ម៉ូតូ​ទៅ​បញ្ចាំ និង​៤-​ឈ្មោះ​ហ៊ីម រ៉​សាលី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​បឹងរាំង ជា​អ្នកទទួល​បញ្ចាំ​ក្នុងតម្លៃ​៣០​ម៉ឺន​រៀល​។​

 

លោក​អធិការ​បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ការផ្តល់​តម្រុយ​ពី​សាច់ញាតិ​ជនរងគ្រោះ លោក​ជេ​ត វណ្ណ​នី ស្នងការរង​ខេត្ត ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោកស្នងការ​ខេត្ត​ធ្វើការ​ស្រាវជ្រាវ​យ៉ាង សកម្ម​ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើនេះ ដោយ​ដកហូត​ម៉ូតូ និង​ពូថៅ​១​ជា​វត្ថុតាង​។

hy

សូមបញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ​ទេព ទិ​ត្យ​សំអុល ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ត្រូវ​ជនសង្ស័យ​ខាងលើ​នាំទៅ​សម្លាប់​កាលពី​យប់​ថ្ងៃទី​១៥ តុលា នៅក្នុង​បរិវេណ​អនុវិទ្យាល័យ​កំរៀង ស្ថិតក្នុង​ឃុំ​អូរ​ដា ស្រុក​កំរៀង ហើយ​ត្រូវ​លោកនាយក​សាលា​ប្រទះឃើញ​សព​នៅ​ព្រឹក​ថ្ងៃទី​១៦ តុលា និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាមៗ​ដែរ​៕

 

Leave a Reply

(*) Required, Your email will not be published