ខេត្តកំពង់ចាម ៖ មុខរបរចាស់រកលុយចាយមិនគ្រប់ ឃើញគេមានបាន ទើបសម្រេចចិត្តផ្លាស់ប្តូរមុខរបរ ទើបតែចេញប្រកបរបរមិនបានប៉ុន្មានផង ត្រូវសមត្ថកិច្ចធ្វើការឡោមព័ទ្ធឆែកឆេរ និងឃាត់ខ្លួន ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៨ តុលា ២០១៣ នៅផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះប៊ុន ថាន ហៅចើត ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិខាងលើ ជាអ្នកបើករថយន្តដឹកឈើឱ្យគេ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចឆែកឆេរឃើញថ្នាំញៀនចំនួន៦កញ្ចប់ ឧបករណ៍សេពថ្នាំញៀន២ ថង់វេចខ្ចប់ជាច្រើន និងកាំបិតចុងស្រួច១ ។ នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ដោយសារបើករថយន្តដឹកឈើឱ្យគ នេះមិនកាក់កប ទើបផ្លាស់ប្តូរមុខរបរមករកស៊ីជួញដូរគ្រឿងញៀនវិញម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាន និងសាកសួរ ដើម្បីកំណត់មុខសញ្ញាមេខ្លោង និងបក្ខពួកលក់ថ្នាំញៀនបន្តទៀត៕