ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍ពីខេត្តស្ទឹងត្រែងបានឲ្យដឹងថាកាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០១៣វេលាម៉ោងជិត១០យប់គឺរថយន្តដឹកឈើប្រណិតចំនួន៤គ្រឿងមានម៉ាកសាំយ៉ុងតាកូម៉ាដែលអ្នកដឹកនាំដោយលោកវរៈសេនីយ៍ឯកថន ប៊ុនធី ហៅធីបាញ់បានដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែងទៅប្រទេសវៀតណាមដោយឆ្លងកាត់ខេត្តក្រចេះនិងស្រុកស្នួលយ៉ាងរលូនដោយមិនមានបញ្ហាអ្វីឡើយ។
សេចក្តីរាយការណ៍បន្តទៀតថាសព្វថ្ងៃនេះលោកវរៈសេនីយ៍ឯកថន ប៊ុនធី ហៅធី បាញ់ ប្រើស្បែកជាយោធានិងមានមេការឈ្មោះថាជាអ្នកចែកលុយអោយសមត្ថកិច្ចតាមដងផ្លូវហើយធីបាញ់ជាអ្នកចេញមុខចែកចាយលុយសមត្ថកិច្ចរឺអស់ លោកធំអង្គុយនៅការិយាល៍យកំពុងធ្វើជាឈ្មួញចេញមុខចេញមាត់ជាងគេ ក្នុងការរកស៊ីដឹកជញ្ជូនឈើគ្រញូងចេញពី ខេត្តស្ទឹងត្រែង តាមរថយន្តទំនើបៗឡើងមកខេត្តក្រចេះឆ្ពោះទៅប្រទេសវៀតណាម គឺមិនលោះថ្ងៃណាឡើយ ទាំងពេលភ្លៀងខ្លាំង មានរន្ទះបាញ់ ឬខ្យល់ព្យុះក៏លោក ធី បាញ់ នៅតែធ្វើការដឹកជញ្ជូនយ៉ាងរលូនបំផុត។ ដៃគូរកស៊ីឈើខុសច្បាប់របស់ ធី បាញ់ គឺឈ្មោះ ធា បាក់ ដែលត្រូវជាបងប្អូននឹងគ្នាហើយធាបាក់គឺជាអ្នកដើរប្រមូលទិញឈើប្រណិតខុសច្បាប់នៅខេត្តស្ទឹងត្រែងហើយសមត្ថកិច្ចនិងមន្ត្រីជំនាញពេលខ្លះមិនដែលហ៊ានត្រួតពិនិត្យ ឬហើបមាត់ពីការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់លោក ធី បាញ់ នោះទេ ជាពិសេសគឺលោកអ៊ីវ ឯកវត្តី ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក សូយ សារិទ្ធ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងលោកព្រាប សុធារាប្រធានផ្នែករដ្ធបាលព្រៃឈើខេត្តក្រចេះគឺទី១ដោយសារតែលោក ធី បាញ់ មានលុយបិទមាត់សមត្ថកិច្ចអស់ទាំងនោះ និងទី២ លោក ធី បាញ់ មានស្បែកជាយោ ធានិងមានថ្នាក់លើរបស់គាត់ពាក់ផ្កាយបីជួយជ្រោមជ្រែង។
ក្រោយការបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ទ្រង់ទ្រាយធំកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយមានការឃាត់ខ្លួនមនុស្សចំនួន៥នាក់ រួមមានជនជាតិចិនចំនួន៤នាក់ និងខ្មែរម្នាក់ ពីបទពាក់ព័ន្ធការលាក់ទុកឈើគ្រញូងជាង១០ តោននៅក្នុងផ្ទះសំណាក់នៅក្រុងស្ទឹងត្រែងជាផ្ទះសំណាក់លោក យ៉ា យឿន អតីតមេPMស្រុកសេសាន គេដឹងថា ជំនួញឈើគ្រញូងរបស់មេឈ្មួញ ធី បាញ់ ត្រូវបានវែកមុខ។ប៉ុន្តែនៅពេលនេះ ធី បាញ់កំពុងបន្តអាជីពរកស៊ីដឹកជញ្ជូន ឈើខុសច្បាប់ចេញពីខេត្តស្ទឹងត្រែងឡើងមកខេត្តក្រចេះ ដើម្បីនាំចេញ ទៅស្រុកយួនយ៉ាងអនាធិបតេយ្យបំផុតគ្មាននរណាហ៊ានហើបមាត់ទេ ព្រោះ ធី បាញ់ បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីសម្របសម្រួលកុំឲ្យ ការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ខ្លួនមានបញ្ហាដូចពេលមុន។ ការដឹកជញ្ជូនឈើគ្រញូងតាមរថយន្តឡិចស៊ីស រថយន្តឡង់គ្រីស័រ របស់លោក ធី បាញ់ បានរៀបចេញជាក្បួនដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តស្ទឹងត្រែងម្តង ៤ទៅ៦គ្រឿង ហើយសមត្ថកិច្ចនិងមន្ត្រីជំនាញទទួលបានដំណឹងជាមុនសម្រាប់ការដឹក ជញ្ជូនឈើរបស់លោក ធី បាញ់ ដែលគេនិយាយតាមរបៀបសាមញ្ញថាការដឹកជញ្ជូនឈើធ្វើឡើងតាមបែបបទ មិនប្រថុយលោតឆ័ត្រដូចពេលមុនៗទៀតទេ ដូច្នេះហើយបានជាលោក ធី បាញ់ អាចដំណើរការរកស៊ីដឹកជញ្ជូនឈើគ្រញូងឡើង វិញ ហើយមានសកម្មភាពខ្លាំងក្លា ជាងពេលមុនៗ។ គេនៅចាំបានថា លោក ធី បាញ់ បានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ច ពាក់ព័ន្ធដើម្បីសម្របសម្រួលធានាជនជាតិចិន និងជនជាតិខ្មែរសរុបចំនួន ៥ នាក់ ឲ្យរួចផុតពីទោសពៃរ៍ ឬការចោទប្រកាន់តាមផ្លូវតុលាការ ក្រោយពេលសមត្ថកិច្ចបានឃាត់ខ្លួន និងរឹបអូសយកឈើគ្រញូងកាលពីខែកុម្ភៈ កន្លងទៅនេះ ជាពិសេលោក ធី បាញ់ បានចំណាយប្រាក់ដើម្បីកុំឲ្យសារព័ត៌មានមួយចំនួនផ្សព្វផ្សាយរឿង នេះ ខ្លាចដឹងដល់ថ្នាក់លើ។
ប្រតិបត្តិការបង្ក្រាប និងរឹបអូសយកឈើគ្រញូងរបស់លោក ធី បាញ់ ប្រមាណជាង១០តោន កាលពីខែកុម្ភៈ គឺជាការកាច់បំបាក់ធ្មុងលោក ធី បាញ់ មិនឲ្យក្រអឺតក្រទមដូចពេលមុនៗទៀតទេ ជាក់ស្តែងពេលចាប់ផ្តើមរកស៊ីដឹកជញ្ជូនឈើខុសច្បាប់សាជាថ្មី គេសង្កេតឃើញលោក ធី បាញ់ ហាក់ដូចជាបន្ទន់ឥរិយាបថនិងទន់ភ្លន់ជាងមុន មិនហ៊ានរកស៊ីដឹកជញ្ជូនឈើលោតឆ័ត្រដូចពេលមុនៗទៀតទេ គឺលោក ធី បាញ់ ចេះចែករំលែកផលប្រយោជន៍ឲ្យទៅមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ ព័ន្ធដើម្បីកុំឲ្យមានឧបសគ្គកើតឡើង សាជាថ្មីម្តងទៀត។ ការចាប់ផ្តើមមុខ ជំនួញរកស៊ីដឹកកជញ្ជូនឈើគ្រញូងពីខេត្តស្ទឹងត្រែង ឆ្លងចូលខេត្តក្រចេះដើម្បីនាំចេញទៅស្រុកយួននៅពេលនេះគេដឹងថាលោក ធី បាញ់ កំពុង ស្រង់ដើមចំពោះការខាតបង់នៅពេល ដែលមានការបង្ក្រាបជំនួញឈើខុសច្បាប់របស់គាត់កាលពីថ្ងៃទី២២ ខែ កុម្ភៈ កន្លងទៅនេះ ដែលគិតជាទឹកប្រាក់រាប់លានដុល្លារអាមេរិក។
ការបង្ក្រាបជំនួញឈើរបស់លោក ធី បាញ់ កាលនោះ មិនមានប្រយោជន៍អ្វីទេ គ្រាន់តែធ្វើឡើងដើម្បីបំបាក់ធ្មុងលោក ធី បាញ់ កុំឲ្យយកឥទ្ធិពលនិងស្បែកជាយោធាទៅរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ អនាធិបតេយ្យខ្លាំងពេក ហើយក៏ជាឱកាសដែលសមត្ថកិច្ចនិងមន្ត្រីជំនាញប្រមូលលុយពីលោក ធី បាញ់ យកទៅច្រកហោប៉ៅផ្ទាល់ខ្លួនយ៉ាងងាយស្រួលបំផុត ទើបមកដល់ពេលនេះ ធី បាញ់ មានឱកាសរកស៊ីដឹកជញ្ជូនឈើខុសច្បាប់កាន់តែគគ្រឹកគគ្រេងខ្លាំង ជាងពេលមុនទៅទៀត ក៏ព្រោះតែលោក ធី បាញ់ មិនក្រែងញញើតចំពោះបទបញ្ជាលេខ០១ របស់រដ្ឋាភិបាលលោក ហ៊ុន សែននោះទេ។
លោក ធី បាញ់ មានក្របខ័ណ្ឌជាមន្ត្រីយោធា ពាក់ស័ក្តិ៥ និងជាជំនួយការផ្ទាល់របស់លោក ផ្កាយ៣ម្នាក់ ហើយគេមិនច្បាស់ទេថាតើក្នុង មួយខែៗលោក ធី បាញ់ បានផ្តល់ផលប្រយោជន៍យកទៅជូនលោក ផ្កាយ៣ម្នាក់នោះ ប៉ុន្មានម៉ឺនដុល្លារនោះទេ បានជាលោក ធី បាញ់ អាចយកស្បែកជាយោធា និងយកងារជាទីប្រឹក្សារបស់លោកផ្កាយ៣ម្នាក់ នោះ ទៅពង្រឹងពង្រីកមុខជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ខ្លួន កាន់តែអនាធិបតេយ្យខ្លាំងឡើង។ គេលើកជាសំណួរថា តើបទបញ្ជាលេខ០១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមានឥទ្ធិពលបង្ការបង្ក្រាបនិងទប់ស្កាត់ការដឹកជញ្ជូនឈើខុស ច្បាប់របស់លោក ធី បាញ់ បានឬក៏អត់ព្រោះភាពអនាធិបតេយ្យ នៃការដឹកជញ្ជូនឈើគ្រញូងតាមរថយន្តទំនើបៗពីខេត្តស្ទឹងត្រែងឆ្លង កាត់ខេត្តក្រចេះនាំចេញទៅស្រុកយួនតាមស្រុកស្នួលដែលលោក ធី បាញ់ កំពុងធ្វើនៅពេលនេះមានទំហំធំធេងនិងព្រហើនបំផុតចំពោះការរឹត បន្តឹងរបស់រាជរដ្ឋាភិបាល ដែលទាមទារឲ្យថ្នាក់លើត្រួតពិនិត្យមើលភាពអនាធិបតេយ្យរបស់លោក ធី បាញ់ ឡើងវិញជាបន្ទាន់កុំឲ្យប្រជាពលរដ្ឋរិះគន់ថា ព្រោះតែសំអាងលើស្បែកជាយោធា ធី បាញ់ អាចធ្វើអ្វីៗតាមតែអំពើចិត្ត៕