ខេត្តកំពង់ស្ពឺ ៖ ថៅកែស្រីម្នាក់ និងអ្នកបម្រើផ្លូវភេទ ៨ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ស្ពឺ ឆ្មក់ចូលបង្ក្រាប ឃាត់ខ្លួន និងបញ្ជួនទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តដើម្បីសំណុំរឿងតាមនីតិវិធីច្បាប់។ ការចុះបង្ក្រាបកន្លែងជួញដូរ ផ្លូវភេទជ្រកក្រោមស្លាកយីហោម៉ាស្សានេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នៅទីតាំងចំនួន២កន្លែង ទី១ត្រង់ចំណុចមុខវិទ្យាល័យសុខាផល្លី ស្ថិតក្នុងភូមិក្រាំងពលទេព ទី២ស្ថិតក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
តាមការឲ្យដឹងពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានប្រាប់ឱ្យដឹងថា ថៅហាងម៉ាស្សាចំនួន២កន្លែង ដែលលួចលាក់ជួញដូរផ្លូវភេទនោះមានឈ្មោះ ប៉ិច ម៉ាច ភេទស្រី អាយុ៣៧ឆ្នាំ បានជួលផ្ទះទាំង២កន្លែងខាងលើដើម្បីបើកហាងម៉ាស្សាកោសជប់ ប៉ុន្តែបានធ្វើសកម្មភាពល្មើស លួចលាក់បំរើសេវាផ្លូវភេទទៅវិញ ។
លោកបន្តទៀតថា កន្លែងម៉ាស្សានេះ បានបើកអាជីវកម្មជាច្រើនខែកន្លងមកហើយ ប៉ុន្តែមិនមាននរណាចាប់អារម្មណ៍ទើបនៅពេលថ្មីៗនេះដោយសារតែមានការ សង្ស័យទើបសមត្ថកិច្ចជំនាញដាក់កំលាំងសម្ងាត់ចូលទៅធ្វើការ ស៊ើបអង្កេតច្បាស់លាស់ក៏សុំយោបលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ឆ្មក់ចូលធ្វើការបង្ក្រាបតែម្តង។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់កាតតាមនីតិវិធី ៕