ប្រទេសឡាវ ៖ យោងតាមសារព័ត៌មានបរទេសចិនស៊ិនហួ ផ្សាយឲ្យដឹងថា ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅប្រទេសឡាវ ដែលបានសម្លាប់មនុស្ស ៤៩ នាក់កាលពីម្សិលមិញ ក្នុងនោះក៏មានជនជាតិខ្មែរជាអ្នកបើកបរម្នាក់ដែរ។
លោក សំពុង ដួងដារ៉ា នាយកប្រតិបត្តិនៃក្រុម ឡាវអ៊ែរឡាញ បានប្រាប់អ្នកសារព័ត៌មាននានា នៅទីក្រុង វៀងចន្ទន៍ ថា យន្តហោះខាងលើនេះ បានធ្លាក់នៅវេលាម៉ោង ១៥ និង ៥៥នាទី ម៉ោង នៅក្នុងតំបន់។ យន្តហោះ ប្រភេទ QV301 បានហោះហើរពីទីក្រុងវៀងចន្ទន៍ សំដៅទៅខេត្ត ចំប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ តែបានធ្លាក់ទៅក្នុងទន្លេមេគង្គ ស្ថិតនៅក្រុងប៉ាកសេ ដោយសារតែអាកាសធាតុអាក្រក់។
បើយោងតាមបទសម្ភាសន៍ដែលសារព័ត៌មាន VOD ទទួលបានពីលោក ម៉ក សំអុល ប្រធាននាយកដ្ឋានសន្តិសុខ និងសុវត្ថិភាពហោះហើរនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានឲ្យដឹងថា បុរសម្នាក់នោះមានឈ្មោះថាលោក យួង សន (Yung San)។
គួរបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងនោះរួមមាន ជនជាតិឡាវ ១៦នាក់ បារាំង ៧នាក់ អូស្ត្រាលី ៦នាក់ (មានគ្រួសារមានសមាជិក ៤នាក់បានស្លាប់) ថៃ ៥នាក់ កូរ៉េខាងត្បូង ៣នាក់ វៀតណាម ២នាក់ ហើយម្នាក់ៗមាន កាណាដា ចិន ម៉ាឡេស៊ី តៃវ៉ាន់ អាមេរិក និងកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសង្គ្រោះបានអះអាងថា មនុស្សទាំងអស់ប្រហែលជាមិនមាន ជីវិតរស់នៅទេ ព្រោះគេទើបតែស្រង់បាន សាកសពមនុស្ស ៤នាក់ប៉ុណ្ណោះ ហើយដោយឡែក មនុស្សដទៃទៀត ប្រហែលជា កំពុងស្ថិតនៅក្នុងទឹក និងក្នុងយន្តហោះ ។
យោងតាមក្រសួងការបរទេសថៃថា ជនជាតិកូរ៉េខាងត្បូង៣នាក់ បណ្តាជនជាតិអូស្ត្រាលី កាណាដា តៃវ៉ាន់ ចិន ភូមា វៀតណាម និងជនជាតិថៃ៥នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ ។យន្តហោះនោះបានហោះចាកចេញពីទីក្រុងវៀងចន្ទន៍នាវេលាម៉ោង១៤ និង៤៥នាទី ម៉ោងក្នុងស្រុក ហើយត្រូវទៅចុះនៅក្រុងប៉ាកសេ ជាទីក្រុងទេសចរណ៍មួយនៅភាគខាងត្បូងឡាវ ។ វាបានធ្លាក់ក្នុងទន្លេមេគង្គមុនពេលចុះបន្តិច ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ថា ពេលយន្តហោះនោះប្រុងចុះមានភ្លៀងធ្លាក់ខ្លាំង ខណៈតំបន់នោះកំពុងជួបប្រទះនឹងឥទ្ធិពលនៃព្យុះទីហ្វុងឈ្មោះណារី NARI ។ ចំណែកកាសែតថៃ THE NATION វិញនិយាយថា ប៉មត្រួតពិនិត្យបានប្រាប់ទៅអ្នកបើកកុំទាន់ឱ្យចុះ ព្រោះមើលផ្លូវមិនច្បាស់ដោយភ្លៀងខ្លាំងពេក ។
អ្នកបើកបានស្តាប់ការណែនាំនេះ ក៏ប៉ុន្តែពុំអាចកែកុនស្ថានការណ៍បាន រួចយន្តហោះបានធ្លាក់លើកូនកោះមួយស្ថិតនៅកណ្តាលទន្លេ ។ ក្រុមហ៊ុន LAO AIRLINES ថ្លែងថា មូលហេតុនៃគ្រោះថ្នាក់នេះនៅពុំទាន់កំណត់ច្បាស់នៅឡើយ ។ អ្នកទទួលខុសត្រូវម្នាក់របស់ក្រុមហ៊ុននេះនិយាយថា ធាតុអាកាសអាក្រក់មកពីកន្ទុយព្យុះណារីអាចដើរតួនាទីសំខាន់ក្នុង សោកនាដកម្មនេះ ។
អាកាសចរណ៍ឡាវអ៊ែរឡាញបានបើកប្រតិបត្តិការហោះហើរតាំងពីឆ្នាំ១៩៧៦ដោយធ្លាប់ដឹកអ្នកដំណើរបានសរុប658,000 នាក់កាលពីឆ្នាំទៅ ដែលត្រូវបានដឹកដោយយន្តហោះចំនួន១៤គ្រឿង ហើយភាគច្រើននៃយន្តហោះទាំងនេះប្រើកង្ហារស្លាបចក្រ៕