រាជធានីភ្នំពេញ ៖ ភាពមិនចេះអធ្យាស្រ័យបានបង្កជាជម្លោះប្រកែកយ៉ាងតឹងសរសៃ.ក ខណៈដែលរថយន្តទាំងពីរបានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តខូចខាតទាំងសង្ខាង ។គ្រោះថ្នាក់ចរាចររណ៍បង្កជាជម្លោះនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងមហាវិថីសហព័ន្ធរុស្សី ត្រង់ភ្លើងស្ដុបមុខប៉ុស្តិ៍នគរបាលស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រថយន្តកាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-0063 បើក ដោយស្ត្រីម្នាក់ អាយុជិត៣០ឆ្នាំ ក្នុងទិសដៅពីត្បូងទៅជើង ខណៈដែលរថយន្តតូរីសរត់ឈ្នួល ពាក់ស្លាកលេខ ភ្នំពេញ 2N-2903 បើកដោយបុរសម្នាក់ រួមនឹងអ្នកដំណើរ បើកក្នុងទិសដៅស្របគ្នា ពីក្រោយ រថយន្តកាមរីហាយប្រីត។
ប្រភពខាងលើបានបន្តទៀតថា នៅពេលបើកមកដល់ភ្លើងស្តុបរថយន្តទាំងពីរបានឈប់ ហើយពេលភ្លើងលោតពណ៌ប៉ៃតង រថយន្តកាមរីហាយប្រីត ប្រុងបើកទៅមុខបត់ឡើងទៅមហាវិថីសហព័ន្ធ រុស្សី ប៉ុន្តែទំនងមានអ្វីនៅពីមុខអ្នកបើកបរបានជាន់ហ្វ្រាំងឈប់ភ្លាមៗ ជាហេតុធ្វើឱ្យរថយន្តតូរីសដែលកំពុងបើកពីក្រោយជាន់ហ្វ្រាំង មិនទាន់ជ្រុលបុកគូទរថយន្តកាមរីហាយប្រីត បណ្ដាលឱ្យគូទរថយន្តកាមរីហាយប្រីតខូចខាត ផ្នែកខាងស្ដាំ ដោយឡែកផ្នែកខាងមុខរថយន្តតួរីស ក៏រងការខូចខាតផងដែរ។
បន្ទាប់ពីឃើញសភាពបែបនេះ ភាគីទាំងពីរបានឈប់ដោះស្រាយគ្នា ហើយ ស្ត្រីអ្នកបើករថយន្ដកាមរីហាយប្រីត ដែលគេមិនស្គាល់អត្តសញ្ញាណបានហៅអង្គរក្ស៣-៤នាក់ ដែលមានសៀតកាំភ្លើងខ្លីនៅនឹងចង្កេះមកជួយដោះស្រាយផងដែរ ក្នុងពេលនោះក៏មានការសម្របសម្រួលពីនគរបាលប៉ុស្តិ៍ស្រះចក ។ ការដោះស្រាយគឺម្ចាស់ រថយន្តកាមរីហាយប្រីតទាមទារឱ្យ ភាគីម្ខាងទៀតចេញសំណងដល់ខ្លួន ចំពោះការខូចខាតរថយន្តផ្នែកខាងក្រោយ។ ដោយមិនទាន់មានការសម្រុះសម្រួលគ្នាទើបកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក បានទាក់ទងទៅកម្លាំងនគរបាលចរាចរណ៍រាជធានី ភ្នំពេញឱ្យមកជួយអន្តរាគមន៍ ទើបម្ចាស់រថយន្ដតួរីសរត់ឈ្នួលយល់ព្រមសង៣៥០ដុល្លារ ដើម្បីបញ្ចប់រឿង៕