ខេត្តកណ្តាល ៖ អ្នកចែកចាយថ្នាំញៀនប្រុសស្រីពីរនាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកកោះធំ នៃស្នងការនគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួន រួមនឹងវត្ថុតាង។ ករណីឃាត់ខ្លួនជនសង្ស័យប្រុសស្រីខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២១បេ ទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី ក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ថូ ភារម្យ ហៅព្រំ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល និងស្រីម្នាក់ទៀតឈ្មោះ លី ស្រីពេជ្រ អាយុ២២ឆ្នាំ រស់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្រោយការឃាត់ខ្លួនបុរសស្ត្រី២នាក់ សមត្ថកិច្ចឆែកឆេរកឃើញថ្នាំញៀន២៥.៧ក្រាម។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចស្រុកកោះធំឃាត់ខ្លួនបញ្ជូនអធិការដ្ឋានស្រុកកោះធំដើម្បីសាកសួររកប្រភពដែលជនសង្ស័យចរាចរណ៍គ្រឿងញៀនទាំងនេះចាត់ការតាមផ្លូវច្បាប់ ៕